ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Manhattan បង្ហាញពីគម្រោងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Manhattan បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយគ្រោងសិក្សា និងសហការជាមួយក្រុមហ៊ុនធំៗតួយ៉ាងដូចជាក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោកដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។
ការបង្ហាញគម្រោងវិនិយោគបន្ថែមរបស់ខ្លួនរបស់ក្រុមហ៊ុននេះ ធ្វើឡើងនៅថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សារងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុននេះ មិនត្រឹមតែផ្តោតទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួលលើគម្រោងវិនិយោគនានាដែលគ្រោងនឹងដាក់ទុនមកកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា។
ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែមបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិត ដែលសម្ភោធក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣៥ ០០០នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា៕


