Close

សារមន្ទីរធម្មជាតិព្រះវិហាររៀបចំតុ និងកៅអីឈើដើម្បីអោយភ្ញៀវទេសចរអាចសម្រាក និងអានសៀវភៅ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សារមន្ទីរធម្មជាតិព្រះវិហាររៀបចំតុ និងកៅអីឈើដើម្បីអោយភ្ញៀវទេសចរអាចសម្រាក និងអានសៀវភៅ សារមន្ទីរធម្មជាតិព្រះវិហាររៀបចំតុ និងកៅអីឈើដើម្បីអោយភ្ញៀវទេសចរអាចសម្រាក និងអានសៀវភៅ

ព្រះវិហារ៖ សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បានរៀបចំតុ និងកៅអីឈើ នៅក្នុងបរិវេណសារមន្ទីរ ដើម្បីអោយភ្ញៀវទេសចរអាចសម្រាក និងអានសៀវភៅ ខណៈភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំត្រីមាស១ ឆ្នាំ២០២៤ ជាង៥ ម៉ឺនាក់ ។

អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ និងបរទេស ព្រមទាំងសិស្សានុសិស្ស ដែលចូលមកទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ សារមន្ទីរបានរៀបចំជាតុ៦ជ្រុង ចំនួន២ និងកៅអីវែងចំនួន៤ នៅក្នុងបរិវេណសារមន្ទីរ។

ប្រភពដដែលនេះ ពន្យល់ថា ការរៀបចំបែបនេះ ដើម្បីឲ្យភ្ញៀវទេសចរ និងសិស្សានុសិស្ស បានសម្រាក ឬអង្គុយលេងអានសៀវភៅ ក្រោមបរិយាកាស នៃម្លប់ឈើធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងសារមន្ទីរ បន្ទាប់ពីដើរទស្សនាសារមន្ទីររួច។

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ” ឬ (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងបង្ហាញអំពីអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួច និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិ។

សារមន្ទីរនេះ ស្ថិតនៅចម្ងាយប្រមាណ ២៣គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១០ហិកតា ដោយមានការដាក់តាំងបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងធម្មជាតិ។ បើតាមគម្រោង សារមន្ទីរមួយនេះ នឹងគ្របដណ្តប់លើផ្ទៃសរុបដល់ ទៅ១៧៧ហិចតា។

ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ទៀតថា សម្រាប់ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន ប្រចាំត្រីមាស១ គិតចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានជាង ៥ ម៉ឺននាក់ ក្នុងនោះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន២១ ៣២០នាក់ កើនឡើង ៦.១% ធៀបនឹងត្រីមាស១ ឆ្នាំ២០២៣ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន១៦ ៩៥៩នាក់ ថយចុះ ២.៤% និងភ្ញៀវទេសចរបរទេស ចំនួន៤ ៣៦១នាក់ កើនឡើង ៥៩.៩%។

ដោយឡែក រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរ សរុបចំនួន៣០ ៧៧៩នាក់ កើនឡើង ៩៧% ធៀបនឹងត្រីមាស១ ឆ្នាំ២០២៣ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២ ៧០២នាក់ កើនឡើង ៨៥.៣% និងភ្ញៀវទេសចរបរទេស ចំនួន ៨ ០៧៧នាក់ កើនឡើង ១០១.៦%៕

អត្ថបទទាក់ទង