Close

រដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តជាប់មាត់សមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តជាប់មាត់សមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង រដ្ឋាភិបាលកំពុងរៀបចំផែនការមេប្រែក្លាយខេត្តជាប់មាត់សមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង

កំពត៖ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំ“សេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា (ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង) ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញធុរកិច្ច ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ ក.ប.ស.ផ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើផែនការខាងលើនេះ នៅខេត្តកំពត។

ការរៀបបំសេចក្តីព្រាងនេះ ត្រូវបានគេដឹងថា ឆ្លើយតបទៅនឹង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងកំពុងធ្វើផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ”។ សម្តេចបន្ថែមថា “ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀត ជាគូរប្រជែងយើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង (ជាប់សមុទ្រ) ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ»។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានណែនាំឲ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់សមុទ្រ ដែលកំពុងមានចំនួន៤ ក្នុងនោះខេត្តព្រះសីហនុ មួយ, ខេត្តកំពត ពីរ និងខេត្តកោះកុងមួយ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង។ក្នុងនោះ ត្រូវបែងចែកគ្នាឲ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ដោយត្រូវដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ។ ឧទាហរណ៍ ខេត្តព្រះសីហនុ មានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ ខេត្តកំពត មានធនធានធម្មជាតិច្រើន ត្រូវវិនិយោគឲ្យចំអ្វីដែលមាន៕

អត្ថបទទាក់ទង