រាជរដ្ឋាភិបាលត្រៀមរៀបចំតំបន់ទន្លេស្ងួត ទំហំ ១៤ហិកតា ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានត្រៀមរៀបចំតំបន់ទន្លេស្ងួតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដី ១៤ហិកតា ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ការរៀបចំទីតាំងខាងលើនេះ ក៏ជាការបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កិសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។
ជាមួយគ្នានេះដែរ លោក បានឱ្យដឹងថា ទីតាំងខាងលើនេះ ក៏នឹងរៀបចំដាំផ្កាស្បៃរឿងចំនួន ១លានដើមនេះនឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោក អ៊ាង សុផល្លែត ថ្លែងថា៖ «ទីតាំងវត្តព្រះធាតុនេះហៅថា ទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតា ទីតាំងនេះគឺជាទីតាំងប្រវត្តិសាស្ត្រ អត់មានធ្វើអីទេ គឺទុកចោលឱ្យនៅទំនេរ ដោយឡែកនៅពេលដែលក្រុមការងារចុះជួយស្រុកអូររាំងឪ មកក៏បានកត់សម្គាល់ថាទីតាំងនេះជាទីតាំងប្រវត្តិសាស្ត្រ ហើយអាចកែច្នៃតំបន់នេះឱ្យក្លាយទៅជាទីតាំងអាចទទួលទេសចរបាន នៅពេលនេះក្រុមការងារបានរៀបចំដាំផ្កាស្បៃរឿង ១លានគុម្ព លើផ្ទៃដីទន្ទឹង៣ម៉ែត្រ និងបណ្តោយ ១,៥គីឡូម៉ែត្រ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី»។
លោក បានបញ្ជាក់ថា ការរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ៕