Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើប សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើបពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងបែបនេះ ក្នុងសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា ទោះជាយ៉ាងណាក្តី វឌ្ឍនភាព ទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។ ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បីតម្រង់ឆ្ពោះទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យប្រកបដោយ វិបុលភាពនិងស៊ីវិល័យ ជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវតែដាក់ចេញនិង អនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឱ្យស្របតាមចលនានៃ បដិវត្តឧស្សាហកម្ម៤.០ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងក្រោម ការដឹកនាំរបស់រូបសម្តេច ផ្ទាល់ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ : កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញ ឱ្យការផលិតវត្ថុធាតុដើម ការដាំដុះនិងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេសរក្សាបរិស្ថានល្អ មានគុណភាពល្អ ថ្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស សម្រេចបាន នូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។

ជាមួយគ្នានេះ សម្តេចធិបតី សង្កត់ថា ចលនានេះ នៅតែមានតួនាទីសំខាន់ និងកាន់តែមានលក្ខណៈសមស្របក្នុងរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចកម្ពុជា ព្រោះថាទស្សនាទាននេះ បានកើតឡើងនៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយ ប្រជាជនខ្មែរជាប្រជាជាតិមួយធ្លាប់មានប្រពៃណី ចំណេះ ជំនាញក្នុងការប្រកបរបរកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ហើយកែច្នៃផលិតផលទាំងនោះបានយ៉ាងច្រើនទៅតាមទីកន្លែងផ្សេងៗគ្នា។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ មានលក្ខណៈបើកទូលាយ ដោយបានដាក់ចេញជា គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។ ជាក់ស្តែង ចលនានេះបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ និងពាណិជ្ជករឬសេវាករ ជាជាងការ ប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ហើយខិតខំធ្វើយ៉ាងណា ប្រើប្រាស់សក្តានុពលដែលមានតាមភូមិឋាន ឬអាចរកបាន ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាលនៃ ខ្សែច្រវាក់ផលិតកម្ម ទាំងផលិតផលដែលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌តាមបែបបុរាណនិងតាមបែបទំនើប ឱ្យមាន លក្ខណៈកាន់តែល្អប្រសើរ កាន់តែពិសេស និងកាន់តែល្អផ្តាច់ បំពេញឱ្យគ្នាទៅវិញទៅមក ដែលមានឧត្តមប្រយោជន៍ ប្រៀបធៀបខ្ពស់ក្នុងការដណ្តើមឈ្នះទីផ្សារទាំងក្នុងនិងក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ ស្លាកសញ្ញាសម្គាល់លើផលិតផលជាផលិតផលភូមិ១ផលិតផល១» ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅ ទូទាំង២៥រាជធានី ខេត្ត។

ឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយនិងផុលផុស រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ។ កន្លងមក គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំទិវាជាតិនេះចំនួន៦លើករួចមកហើយ។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ផលិតនិង ផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

រាជរដ្ឋាភិបាលសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្តទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក ក្នុងការជំរុញលើក កម្ពស់ផលិតផលខ្មែរគ្រប់ប្រភេទ តាមទស្សនាទានភូមិ១ផលិតផល១ បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវ ជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន តាមរយៈការដាក់ចេញនូវសកម្មភាពគន្លឹះ ដូចជាការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ច អំណោយផល និងការធ្វើបរិវិត្តកម្មសំខាន់ៗលើគ្រប់វិស័យ។

ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ដោយបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្គ្រាម និងការរួមរឹតដោយភាពក្រីក្រ បានក្លាយ ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានបេះដូងមនុស្សធម៌ មានកេរ្តិ៍ឈ្មោះល្អកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើត ការងារ ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំង ការរក្សាបានសុខសន្តិភាព សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ៕

អត្ថបទទាក់ទង