Close

បុណ្យទន្លេខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាង ៥៥ ម៉ឺននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បុណ្យទន្លេខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាង ៥៥ ម៉ឺននាក់ បុណ្យទន្លេខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាង ៥៥ ម៉ឺននាក់

សៀមរាប៖ ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ និង ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ បញ្ជាក់ថា ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤មានទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។
ប្រភពដដែលបន្តថា៖«សម្រាប់ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤មានទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់ និង ទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់»។

និងនៅថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ និង ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ រៀបចំឡើងរយរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ ដោយមានរៀបចំនូវព្រឹត្តិការណ៍កម្សាន្តជាច្រើន ក្នុងគោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប៦. ការលើកទឹកចិត្តផ្នែកពន្ធដារ
៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍ និង៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕

អត្ថបទទាក់ទង