សម្តេចធិបតី៖ ៦ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី ១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រយៈពេល ៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី ១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
សម្តេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ នៅវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀតមិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយទេ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា រយៈពេល៦ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង១៧ម៉ឺនកន្លែង។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ រយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេល៦ខែមកនេះ កម្ពុជានាំចេញបានក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើប្របៀបនឹងរយៈពេលដូចគ្នា គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចយើងមានកំណើនជាបន្តបន្ទាប់៕