Close

ប្រទេសបារាំងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រទេសបារាំងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍នៅកម្ពុជា ប្រទេសបារាំងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសបារាំងតាមរយៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយបានជួយកសាងសាលាទេសចរណ៍ពីរនៅព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបើកដំណើរការក្នុងឆ្នាំនេះ។

សាលាទាំងពីរនឹងបណ្តុះបណ្តាលយុវជន យុវនារីជាច្រើនរយនាក់ក្នុងមួយឆ្នាំលើមុខអាជីពទាំងអស់ក្នុងវិស័យសណ្ឋាគារ ទៅតាមកម្រិតស្តង់ដារតំបន់ខ្ពស់បំផុត។ តបតាមការអញ្ជើញរបស់សភាមុខរបរ និងសិប្បកម្ម Ile de France ដើម្បីរៀបចំកម្មវិធីសិក្សា គណៈប្រតិភូមួយក្រុមបានធ្វើទស្សនកិច្ចសិក្សានៅប្រទេសបារាំងដើម្បីស្វែងយល់អំពីរបៀបបណ្តុះបណ្តាលដ៏លេចធ្លោររបស់ប្រទេសបារាំងលើមុខអាជីពទេសចរណ៍។

នៅខែកញ្ញាខាងមុខ ក្រុមគណៈ ប្រតិភូនៃគ្រូបណ្តុះបណ្តាលកម្ពុជានឹងបំពេញបេសកកម្មមួយនៅមជ្ឈ មណ្ឌលបណ្តុះបណ្តាលកម្មសិក្សាការី/ការិនី នៅ Ile-de-France។

ប្រទេសបារាំងនៅតែជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន៨០លាននាក់កាលពីឆ្នាំ២០២២ ហើយសភាមុខរបរ និងសិប្បកម្ម Ile-de-France គ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន២៦ ដោយមានសិស្ស និងកម្មសិក្សាការី/ការិនី ចំនួន១២ ០០០នាក់ក្នុងមួយឆ្នាំ។

រាជរដ្ឋាភិបាលកំពុងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍។

សម្រាប់សិស្សដែលមកសិក្សាសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ កម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

អត្ថបទទាក់ទង