Close

យូណេស្កូបាននឹងកំពុងសហការជាមួយក្រសួងពីរ ផ្តល់ឱកាសសិក្សាងាយស្រួលដល់យុវជនដែលបានបោះបង់ការសិក្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
យូណេស្កូបាននឹងកំពុងសហការជាមួយក្រសួងពីរ ផ្តល់ឱកាសសិក្សាងាយស្រួលដល់យុវជនដែលបានបោះបង់ការសិក្សា យូណេស្កូបាននឹងកំពុងសហការជាមួយក្រសួងពីរ ផ្តល់ឱកាសសិក្សាងាយស្រួលដល់យុវជនដែលបានបោះបង់ការសិក្សា

ភ្នំពេញ៖ អង្គការយូណេស្កូបាននឹងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ដើម្បីផ្តល់ឱកាសសិក្សាងាយស្រួលដល់យុវជនដែលបានបោះបង់ការសិក្សា តាមរយៈកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP)។

យុវជនអាចបញ្ចប់ថ្នាក់មូលដ្ឋានរបស់ពួកគេដោយសិក្សាតាមអ៊ីនធឺណិតដែលមានភាពបត់បែន និងទទួលបានវិញ្ញាបនបត្រស្មើនឹងថ្នាក់ទី ៩។

កាលពីសប្តាហ៍មុន អ្នកសិក្សា BEEP ចំនួន ២៥ នាក់បានបញ្ចប់វគ្គសិក្សាប៊ីបដោយជោគជ័យ និងបានចូលរួមប្រឡងបញ្ចប់តាមប្រព័ន្ធអ៊ីនធឺណិតនៅមូលនិធិកុមារកម្ពុជា (CCF) ដែលជាមជ្ឈមណ្ឌលសិក្សាប៊ីប ដែលផ្តល់ឱកាសដល់ក្រុមយុវជនគោលដៅនៅជុំវិញតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

បន្ថែមពីវគ្គសិក្សាតាមអ៊ីនធឺណិត និងវិញ្ញាបនបត្រ អ្នកសិក្សាក៏ទទួលបានការប្រឹក្សាអំពីអាជីព និងចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាជំនាញដែលផ្សាផ្សាភ្ជាប់អ្នកសិក្សាប៊ីបជាមួយនឹងឱកាសការងារ ការអភិវឌ្ឍជំនាញបន្ថែមទៀត និងផ្តល់ឱកាសឱ្យយុវជនមានអនាគតល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត ហៅកាត់ថាកម្មវិធីប៊ីប ផ្តល់ឱកាសដល់យុវជន កម្មករ កម្មការនី នៅតាមរោងចក្រ ជាពិសេសិស្សានុសិស្សដែលបោះបង់ការសិក្សាដោយកត្តាជីវភាព គ្រួសារ ចំណាកស្រុក អាចបន្តការសិក្សាចាប់យកជំនាញបន្ថែម នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ពិសេសយុវជនតាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព សមត្ថភាព និងជំនាញដែលឆ្លើយតបទៅនិងទីផ្សារការងារក្នុងប្រទេស និងតំបន់ ។

កម្មវិធីសមមូលអប់រំកមិ្រតមូលដ្ឋានតាមអ៊ីនធឺណិត គឺជាការផ្តួចផ្តើមរួបរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអង្គការយូណេស្កូ ដើម្បីពង្រីកសេវាអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយនូវបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ។

កម្មវិធីនេះនឹងជួយឲ្យយុវជនកម្ពុជាបញ្ចប់ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរបញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។

ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈកម្មវិធីនេះនឹងជួយពួកគេឲ្យរកការងារបានប្រសើរជាង ឬក៏ទទួលបានការអប់រំបន្តទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ និងបំណិនជីវិត៕

អត្ថបទទាក់ទង