២ខែ កម្ពុជា រកចំណូលបានជាង ១១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ រយៈពេល ២ខែ ដើមឆ្នាំ២០២៤ កម្ពុជា ទទួលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានចំនួនជាង ១១ លានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងជាង ៥០ ភាគរយធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ ។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងខែកុម្ភៈ ទេសចរបរទេសសរុប ១២០,៣១៨ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយគិតជាទឹកប្រាក់ស្មើនឹង ៥,៧៣៦,៦២១ ដុល្លារអាមេរិក។ តួលេខសរុប ២ខែដើមឆ្នាំ ការលក់សំបុត្រដល់ទេសចរនេះមានចំនួន ២៣៥,៨៥០ នាក់ គិតជាទឹកប្រាក់ស្មើនឹង ១១,២៣៤,៦៧៥ ដុល្លារអាមេរិក ។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅកំពង់ផែចុងឃ្នៀស បឹងទន្លេសាបផងដែរ ក្នុងនោះ២ខែដើមឆ្នាំនេះ ការលក់សំបុត្រមាន ចំនួនជាង ២០ ម៉ឺនដុល្លារអាមេរិក ៕