Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍

ភ្នំពេញ៖ នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានចាត់ទុកការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថាទីក្រុងគឺជាបណ្ដុំសម្រាប់ការរស់នៅ ការសម្រាកលម្តែ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។

ជាការកត់សម្គាល់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនៅក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ បញ្ជាក់ថា «ឆ្នាំនេះជាឆ្នាំទី១២ ដែលយើងរៀបចំ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង «ទីក្រុងស្អាត និងទេសចរណ៍ ពោលគឺ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែល អាចផ្ដល់នូវបទពិសោធនិងការចងចាំ»។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត ចំណែកឯភាពជោគជ័យនៃវិស័យ ទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាព បរិស្ថាន ភាពស្អាត និង បៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែល ទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ថា ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្ត ទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខ សុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌ ទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍ ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម ទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖

ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។

ទី២- ត្រូវបន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្ត ចូលរួមគាំទ្រដល់យុទ្ធនាការ ចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដានានា ដែលបានដាក់ ចេញកន្លងមក ជាអាទិ៍យុទ្ធនាការ “យុវជននិងទីក្រុងស្អាត យុទ្ធនាការ “ទេសចរណ៍ម្នាក់ ដើមឈើ មួយដើម យុទ្ធនាការ “កម្ពុជាស្អាត” យុទ្ធនាការ “សម្អាតទន្លេ សមុទ្រ» ចលនាប្រឡង ប្រណាំង “រង្វាន់ សម្តេចនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ចលនា ប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ» ចលនាប្រឡងប្រណាំង “បង្គន់អនាម័យសាធារណៈស្អាត ការអនុវត្តស្តង់ដា “វិថីលក់ម្ហូបអាហារកម្ពុជា» និងស្តង់ដា “តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា” ជាដើម។ ការជំរុញយុទ្ធនាការ ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដាទាំងនេះ នឹងចូលរួម យ៉ាងសំខាន់ក្នុងការប្រែក្លាយទីក្រុងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ទី៣- ស្នើក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយក្រសួង បរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង «ទីប្រជុំជន ទេសចរណ៍ស្អាត» នៅឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។ ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន៕

អត្ថបទទាក់ទង