រដ្ឋាភិបាលស្នើសុំរដ្ឋសភាអនុម័តបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំរដ្ឋសភា អនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា នឹងត្រូវសិក្សាបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលមានគោលបំណងដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធាន ជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។ ការដាក់ចេញនូវវិធាននៃការឧបត្ថម្ភធនជលផល មានសារៈសំខាន់និងមានឥទ្ធិពលជាវិជ្ជមានចំពោះ និរន្តរភាពនៃផលស្តុកជលផលសមុទ្រនិងការនេសាទសមុទ្រ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាន ពីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលនេះ និងបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលអាចចូលជាធរមានបាន តម្រូវឱ្យសមាជិក២ភាគ៣នៃ សមាជិកសរុប១៦៤យល់ព្រមជាផ្លូវការ និងត្រូវតម្កល់លិខិតុបករណ៍នៃការផ្តល់សច្ចាប័ននៅអង្គការពាណិជ្ជកម្មពិភពលោក ដោយអនុលោមតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី៣ មាត្រា X នៃកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក។ ដូចនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត អង្គការពាណិជ្ជកម្មពិភពលោកបានជំរុញឱ្យសមាជិកទាំងអស់រួមទាំងកម្ពុជា ដំណើរការនីតិវិធីក្នុងការផ្តល់សច្ចាប័នឱ្យបានឆាប់ និងយកលិខិតុបករណ៍នៃការផ្តល់សច្ចាប័នទៅតម្កល់នៅអង្គការពាណិជ្ជកម្មពិភពលោក។

ក្រោយពីបានលើកឡើងនូវសំណួរ និងការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក៏ដូចជាស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរួចមក ឯកឧត្តម សួស យ៉ារ៉ា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភ ធនជលផល។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍បញ្ជាក់ថា ដោយពិនិត្យឃើញពីសារ:សំខាន់ នៃសេចក្តីព្រាងច្បាប់ខាងលើនេះ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕


