Close

មនុស្សចាស់តស៊ូថែរក្សាតម្បាញកន្ទេល «កន្ទេលក្រហម» បែបប្រពៃណី ខណៈក្មេងៗ មិនសូវចាប់អារម្មណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
មនុស្សចាស់តស៊ូថែរក្សាតម្បាញកន្ទេល «កន្ទេលក្រហម» បែបប្រពៃណី ខណៈក្មេងៗ មិនសូវចាប់អារម្មណ៍ មនុស្សចាស់តស៊ូថែរក្សាតម្បាញកន្ទេល «កន្ទេលក្រហម» បែបប្រពៃណី ខណៈក្មេងៗ មិនសូវចាប់អារម្មណ៍

កំពង់ឆ្នាំង៖ ទន្លេសាប គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះដ៏សម្បូរបែប ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ប្រជាពលរដ្ឋរស់នៅភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាច្រើនជំនាន់បានទាញយកប្រយោជន៍ពីទន្លេសាបពេញមួយឆ្នាំ។ នៅរដូវវស្សា ពួកគេនេសាទក្នុងទន្លេ។

នៅរដូវប្រាំង ពួកគាត់ធ្វើស្រែចម្ការ ដាំឈូក និងដំណាំផ្សេងៗទៀត។ ពួកគាត់ក៏ដាំកក់មូល ដែលជាវត្ថុជាតុដើម ប្រើសម្រាប់ត្បាញកន្ទេល «កន្ទេលក្រហម» ជាសិប្បកម្មប្រពៃណី ដែលមនុស្សចាស់មួយចំនួននៅក្នុងភូមិបន្តតស៊ូរក្សា ខណៈដែលក្មេងជំនាន់ក្រោយ ពួកគេមិនសូវចាប់អារម្មណ៍ឡើយ។

កក់មូល ជាប្រភេទរុក្ខជាតិស្មៅ មានដុះនៅតំបន់ដីសើមត្រូពិច។ នៅក្នុងប្រទេសកម្ពុជា វាដុះនៅក្នុងបឹងដែលទទួលទឹកពីទន្លេសាប បឹងទន្លេសាប និងទន្លេមេគង្គ។ ប៉ុន្តែ បច្ចុប្បន្ននេះ កក់មូលដែលដុះក្នុងបឹងធម្មជាតិ មិនអាចបំពេញតម្រូវការបានទេ។ អ្នកប្រកបរបរត្បាញកន្ទេលលក់ ត្រូវដាំដុះកក់មូល ដូចគ្នាការធ្វើស្រែដែរ គឺរាប់ចាប់តាំងពីការរក្សាទុកគ្រាប់ពូជ សាបព្រួស ដកស្ទូង និងច្រូតកាត់ជាដើម។

ក្នុងវ័យ ៦០ឆ្នាំ អ៊ុំស្រី ជា ហ៊ន ក្នុងដៃកាន់កណ្តៀវច្រូតកក់មូលបណ្តើរ និយាយបណ្តើរថា៖ «ការដាំដុះកក់មូល គឺមិនខុសពីការធ្វើស្រែប៉ុន្មានទេ។ វាត្រូវការថែទាំ ដាក់ទឹក និងជីដូចស្រូវដែរ។ បើមិនដូច្នោះទេ វានឹងមិនលូតលាស់បានល្អឡើយ។ យើងត្រូវឱ្យវាលូតលាស់ដល់ប្រវែងចាប់ពី ១.២ម៉ែត្រ ដល់ ១.៦ម៉ែត្រ ដើម្បីតម្រូវតាមខ្នាតកន្ទេល»។

ចំពោះតម្រូវការទីផ្សារកន្ទេល មានពីរប្រភេទគឺ កន្ទេលខ្សែ និងកន្ទេលដេក។ កន្ទេលខ្សែ មានប្រវែងទទឹង ០.៩ម៉ែត្រ និងបណ្តោយ ៥ម៉ែត្រ។ ជាទូទៅ កន្ទេលខ្សែឃើញមានប្រើប្រាស់នៅតាមទីអារ៉ាមនានា។ វាមានតម្លៃប្រហែល ១៥ម៉ឺនរៀល។ ចំពោះកន្ទេលដេក មានប្រវែងទទឹង ១.២ម៉ែត្រ ទៅ ១.៤ម៉ែត្រ និងបណ្តោយ ប្រវែង ២ម៉ែត្រ។ វាមានតម្លៃប្រហែល ៥-៦ម៉ឺនរៀល។

អង្គុយលើគ្រែជាមួយចៅពីរនាក់នៅក្បែរនោះ អ្នកស្រី នន ឆុន អាយុ ៦៣ ឆ្នាំ ដែលប្រើនាមត្រកូលតាមប្រពៃណីរបស់អ្នកភូមិបាននិយាយថា៖ «ការត្បាញកន្ទេលមិនចំណាយពេលយូរទេ ខ្ញុំអាចត្បាញមួយបាន កន្ទេលប្រវែង 2 ម៉ែត្រក្នុងមួយថ្ងៃ ប៉ុន្តែអ្វីដែលយូរនោះគឺ ទម្រាំបានចេញចម្រៀកសរសៃកក់ជ្រលក់ពណ៌រួច គឺត្រូវចំណាយពេលរាប់ខែ។។ មានតែមនុស្សចាស់ដូចពួកយើងទេ ដែលនៅតែត្បាញ បន្ទាប់ពីសម្រាកពីការងារធ្វើស្រែចម្ការ។

ជាការពិតណាស់ ទម្រាំចេញជាផលិតផលសម្រេច ទាមទារពេលវេលា និងការខិតខំប្រឹងប្រែងច្រើន។ ចាប់ពីការដាំដុះដល់ច្រូតត្រូវប្រើពេល ២-៣ខែ។ បន្ទាប់ពីច្រូតកាត់ អ្នកតម្បាញត្រូវអង្គុយឆូតសម្បកដើមកក់ ម្តងមួយដើមៗ ដោយកាំបិត ឱ្យចេញជាសរសៃកក់ រួចយកទៅហាលឱ្យស្ងួត រយៈពេលពី 10-15 ថ្ងៃមុននឹងជ្រលក់។ បន្ទាប់ពីដំណើរការជ្រលក់ពណ៌រួច សរសៃកក់ត្រូវយកទៅហាលថ្ងៃម្តងទៀត មុននឹងយកមកត្បាញជាកន្ទេល។

បន្ទាប់ពីបានផលិតផលសម្រេច បញ្ហាប្រឈមមួយផ្សេងទៀតក៏មកដល់ នោះគឺតម្លៃលក់ចេញ ត្រូវប្រកួតប្រជែងជាមួយកន្ទេលប្លាស្ទិក ដែលជាផលិតផលស្រដៀងគ្នា។

អ៊ុំស្រី ជា ហ៊ន បានថ្លែងថា៖ «ខ្ញុំបានជួបអ្នកទិញមួយចំនួន ដែលនិយាយថា ផលិតផលរបស់ខ្ញុំថ្លៃពេក ពួកគេចូលចិត្តប្រើកន្ទេលប្លាស្ទិកថោកជំនួសវិញ»។ ប្រការនេះ បានធ្វើឱ្យអ្នកតម្បាញកន្ទេលនៅក្នុងភូមិមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង។ អ្នកខ្លះបានបោះបង់ឈប់ត្បាញ ចំណែកអ្នកខ្លះទៀត តាំងចិត្តបន្តថែរក្សាសិប្បកម្មបែបប្រពៃណីបុរាណនេះ៕

អត្ថបទទាក់ទង