ភាគីថៃបានបង្កហេតុ ដោយបានបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួចចោទកម្ពុជា
ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការការចោទប្រកាន់ពីកងទ័ពថៃ និងសារព័ត៌មានថៃថា “កម្ពុជាបានបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូលនិងឮសម្លេងកាំភ្លើង ឮសម្លេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតលួសបន្លា ព្រមទាំងមានការបាញ់ចូល ដើម្បីពិនិត្យមើលរយៈចម្ងាយ ជាដើម។
ការប្រកាសច្រានចោលរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានទទួលព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយនាល្ងាចនេះម្តងទៀតជុំវិញករណីខាងលើនេះ ។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ស្រាយបំភ្លឺថា៖ «កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។
លោកស្រីបន្ថែមថា «កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា»។
លោកស្រីសង្កត់ធ្ងន់ទៀតថា ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។
បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជា ដែលកំំពុងឈរជើងនៅជួរមុខបានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ ៖ ២៥ នាទី មានស្នូរសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខតាប្រិ ចំនួន ១ គ្រាប់។ វេលាម៉ោង ១៦៖ ៤៨ នាទៃី មានស្នូរសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខ អានសេះ ចំនួន ៣ គ្រាប់។ និង នៅវេលាម៉ោង ១៦៖ ៤៨ ដល់ម៉ោង ១៧ ៖ ០០ នាទី មានស្នូសម្លេងបាញ់កាំភ្លើង ខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រ ព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន ២៥ ទៅ ៣០ គ្រាប់ ។
ទាក់ទិននឹងបញ្ហានេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ។
លោកពន្យល់ថា ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី ប្រតិបត្តិការនិងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ ដែលបង្កជាការរំខានធ្វើឡើងកៀកទៅនឹងសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
លោកបន្ថែមថា ខណៈពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក អាចមើលឃើញថាសកម្មភាពរបស់ប្រទេសថៃ គឺជាការផ្ទុះឡើងបណ្ដោះអាសន្ន ដាច់ដោយឡែក និងមានកម្រិតក្នុងបរិបទជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរយ៉ាងណាក្តី វាអាចជាសកម្មភាពទៅរួចដែលបង្ហាញថាទំហំជម្លោះបន្តកើនឡើង មានឫសគល់ពីបញ្ហាដទៃ ដែលមិនមែនជាបញ្ហាតូចតាចខាងលើអស់នេះ។
លោកថ្លែងថា« ខ្ញុំបារម្ភថា យើងកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មី និងគ្រោះថ្នាក់ជាងមុន ដែលភាពសុទិដ្ឋិនិយមនៃផ្លូវឆ្ពោះទៅរកសន្តិភាពជាជំហានៗនឹងរលាយបាត់សូន្យ ហើយយើងនឹងប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ ដែលនឹងគ្មានអ្នកឈ្នះ ឬអ្នកចាញ់ គឺមានតែជនរងគ្រោះទាំងសងខាង និងផលវិបាកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះប្រជាជនកម្ពុជានិងថៃតែប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកថែមទៀតផង»៕