Close

កម្ពុជា-ព្រុយណេ ប្តេជ្ញាជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា-ព្រុយណេ ប្តេជ្ញាជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ កម្ពុជា-ព្រុយណេ ប្តេជ្ញាជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រទេសកម្ពុជា និង ព្រុយណេ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។

ការបញ្ជាក់នេះ ធ្វើឡើង នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងពេលដែលឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំ កម្ពុជា ក្នុងឱកាសដែល ឯកអគ្គរាជទូតរូបនេះ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកអគ្គរាជទូតក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ជាមួយគ្នានោះដែរ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣។

ទំនាក់ទំនងកម្ពុជា-ព្រុយណេត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩២។ ប្រទេសទាំងពីរបានធ្វើការសហការជាចម្បងលើវិស័យពាណិជ្ជកម្ម (ការនាំចូលអង្ករ) ការអប់រំ និងជំនួយបច្ចេកទេស យុវជន កីឡា និងវប្បធម៌។ ផ្នែកសក្តានុពលផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការគឺផ្នែកការពារជាតិ កិច្ចការសាសនា សុខាភិបាល និងទេសចរណ៍។ ស្ដេចស៊ុលតង់នៃប្រទេសព្រុយណេក៏ធ្លាប់ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរកាលពីអំឡុងឆ្នាំ២០១២ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕

អត្ថបទទាក់ទង