ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាងបន្តកិច្ចខិតខំបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាព និងគាំទ្រចំពោះដំណើរប្រព្រឹត្តទៅរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និងស្នើសុំឲ្យមជ្ឈមណ្ឌល បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាការិយាល័យសម្របសម្រួលប្រចាំតំបន់ក្នុងប្រទេសជាសមាជិក។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើបែបនេះ ក្នុងគ្រាដែលឯកឧត្តម បានអនុញ្ញាតឲ្យ ឯកឧត្តម យូ សៅវិន អគ្គលេខាធិការស្តីទី នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម យូ សៅវិន អគ្គលេខាធិការស្តីទី នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ
និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ។
ក្រៅពីការអបអរសាទរ ឯកឧត្តម បានបង្ហាញពីគោលបំណងសំខាន់ចំនួន ៣ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖១-រាយការណ៍អំពីវឌ្ឍនភាពរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង ២-ស្នើសុំមតិយោបល់ដឹកនាំពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និង ៣-ស្នើសុំស្វែងយល់អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង ហើយសម្រាប់វឌ្ឍនភាពការងារនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង ។
ជាមួយគ្នានោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថាជាវេទិកាថ្នាក់តំបន់មួយសម្រាប់ប្រទេសជាសមាជិកគួរតែរួបរួមគ្នាសហការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែន ដែលប្រើប្រាស់ប្រព័ន្ធបច្ចេករិទ្យាជាមធ្យោបាយ ដូចជា ៖ បទល្មើសលាក់បំពួនជួញដូរមនុស្ស, បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។

ចំពោះទស្សនវិស័យនៅពេលខាងមុខ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានឯកភាព និងគាំទ្រចំពោះដំណើរប្រព្រឹត្តទៅរបស់ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង និងស្នើសុំឲ្យមជ្ឈមណ្ឌល បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាការិយាល័យសម្របសម្រួលប្រចាំតំបន់ក្នុងប្រទេសជាសមាជិក។
ក្នុងជំនួបដ៏មានសារសំខាន់នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ជូនអំពីសន្តិសុខ សណ្តាប់ធ្នាប់ ដែលជារួមគឺយើងថែរក្សាបាននូវសន្តិសភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការងារជំនាញ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋានជំនាញជួបពិភាក្សា ដើម្បផ្លាស់ប្តូរយោបល់ដកពិសោធន៍ពីគ្នាទៅវិញទៅមក៕



