រាជរដ្ឋាភិបាលដាក់ចេញវិធានការផ្តល់ហិរញ្ញប្បទាន ៦៥លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យស្វាយចន្ទី
សៀមរាប៖ ចំពោះតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍវិស័យស្វាយចន្ទី រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ ក្នុងការផ្តល់ប្រភពហិរញ្ញប្បទាន តាមរយ: ធនាគារ ARDB នូវឥណទាន ប្រមាណ៣៥ លានដុល្លាអាមេរិក សម្រាប់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងទុនត្រៀមបម្រុងប្រមាណ៣០ លានដុល្លាអាមេរិកទៀត សម្រាប់រដូវប្រមូលផល ក្នុងឆ្នាំ២០២៤នេះ ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយោល រួមមានផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ការអនុគ្រោះពន្ធដារ បញ្ចុះថ្លៃអគ្គីសនី ជូនអតិថិជនកសិកម្ម និងឧស្សាហកម្ម ការដឹកជញ្ជូន និងការសម្រួលជាច្រើនផ្សេងទៀត។
ដោយមើលឃើញពីសក្តានុពលស្វាយចន្ទី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីបើកពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី រួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈម និងកង្វល់ពាក់ព័ន្ធនឹងវិស័យឯកជន និងធុរជន ពាក់ព័ន្ធដោយផ្ទាល់លើវិស័យកសិកម្ម និងស្វាយចន្ទី ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ ២ឆ្នាំថែមទៀតចំពោះសហគ្រាសកែច្នៃផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច និងជ័រកៅស៊ូ និងបន្តលើកលែងប្រាក់រំដោះពន្ធដារលើប្រាក់ចំណូលចំពោះសហគ្រាស ដាំដុះ ផលិត និងផ្គត់ផ្គង់ ឬនាំចេញផលិតផលកសិកម្ម បូករួមទាំងគ្រាប់ស្វាយចន្ទី រយ:ពេល ២ឆ្នាំ (២០២៤-២០២៥)។
ស្វាយចន្ទីជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែងពោលគឺ ប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណិតប្រភេទនេះមានការកើនឡើង។ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។
តាមការប៉ាន់ស្មាន មានកសិករចំនួន ២២,០០០ នាក់ ហើយមានប្រជាជនប្រមាណជា ៣៨,០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្មប្រចាំរដូវផងដែរ។ បច្ចុប្បន្ននេះទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀតប្រសិនបើផលិតផល គ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក (EIC២០០៧)។
ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីតិចជាង៣០០,០០០តោនក្នុងឆ្នាំ១៩៦១ ដល់៣,៧ លានតោនក្នុងឆ្នាំ២០០៨។ ការដាំដុះមានការកើនឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះហើយផលិតផលស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ភាគរយនូវផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យមក្នុងពិភពលោកកើនឡើងជាង ៥០ភាគរយ។
នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ៕