Close

ច្រឹង ពលរដ្ឋ ៖ វិសាខា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលើកពានរង្វាន់ Cambodian League Cup 2023 នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ច្រឹង ពលរដ្ឋ ៖ វិសាខា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលើកពានរង្វាន់ Cambodian League Cup 2023 នេះ ច្រឹង ពលរដ្ឋ ៖ វិសាខា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលើកពានរង្វាន់ Cambodian League Cup 2023 នេះ

ភ្នំពេញ : នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ពានរង្វាន់ Cambodian League Cup រដូវកាលទី២ ឆ្នាំ២០២៣ ដែលជាពានរង្វាន់មុនបើករដូវកាលនឹងចាប់ផ្ដើមធ្វើការប្រកួតលើទីលានដ៏ខៀវស្រងាត់ ខណៈឆ្នាំនេះ មានក្រុមចូលរួមចំនួន ១៤ក្រុម មកពីក្លឹបលីគកំពូលកម្ពុជា និងលីគទី២។

យ៉ាងណាក៏ដោយ ទោះបីជាពានរង្វាន់មុនបើករដូវកាលនេះគ្មានប្រាក់រង្វាន់ក្ដីក៏កីឡាករគ្រប់ក្រុមទាំងអស់បានធ្វើការត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញសាច់ដុំរៀងៗខ្លួន។ ក្នុងនោះកីឡាករពូកែស៊ុតក្រៅប្រអប់ទីរបស់ក្រុមជម្រើសជាតិកម្ពុជា និងវិសាខា ច្រឹង ពលរដ្ឋ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ ជុំវិញការត្រៀមខ្លួនលើកពានខាងលើនេះ។

កីឡាករ ច្រឹង ពលរដ្ឋ បានប្រាប់មកកាន់ ENN នៅថ្ងៃ ព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា ៖ « សម្រាប់ក្រុមបាល់ទាត់វិសាខា យើងបានរៀបចំខ្លួនរួចរាល់ហើយ និងរៀបចំបានល្អណាស់ក្នុងការលើកពានរង្វាន់ Cambodian League Cup 2023 ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។ ទោះបីជាយើងទើបតែហ្វឹកហាត់វិញបានតែជាង២សប្ដាហ៍ក៏ដោយ តែយើងបានយកឈ្នះក្រុម Kuching City មកពីម៉ាឡេស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ Pre-Season ដូច្នេះខ្ញុំជឿជាក់ថា ក្រុមនឹងធ្វើបានល្អក្នុងពានរង្វាន់នេះ»។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់សេះមាសវិសាខា នឹងធ្វើការប្រកួតជាមួយក្រុមបាល់ទាត់ព្រៃវែង អេហ្វស៊ី ក្នុងពានរង្វាន់ Cambodian League Cup 2023 នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នាកីឡដ្ឋាន AIA KMH Park Stadium វេលាម៉ោង ៣៖៤៥នាទី រសៀល៕

អត្ថបទទាក់ទង