សត្វកន្ធាយក្បាលកង្កែបមួយក្បាល ងាប់ដោយសារជាប់សន្ទូចរនងនៅខេត្តក្រចេះ
ភ្នំពេញ ៖ អង្គការអភិរក្សសត្វ WCS ប្រចាំកម្ពុជា បានឱ្យដឹងថា កាលលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ WCS បានទទួលដំណឹងថាមានសត្វកន្ធាយក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់ ២៦ គីឡូក្រាម មានពងនៅក្នុងពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។
អង្គការអភិរក្សសត្វ WCS ប្រចាំកម្ពុជា នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។
អង្គការអភិរក្សសត្វ WCS សង្កត់ធ្ងន់ថា៖ «ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។ កន្ធាយក្បាលកង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់»។
រដ្ឋបាលជលផល និងអង្គការ WCS បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះឱ្យបានគង់វង្ស និងចៀសវាងការចាប់និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕