អ៊ីស្រាអែល និងក្រុមហាម៉ាសយល់ព្រមអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា
បរទេស៖ អ្នកសម្របសម្រួលប្រទេសកាតាបាននិយាយថា ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សាដែលជាទីតាំងត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ១៧ ខែមករានេះ បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងបារាំង។ តាមរយៈការកិច្ចព្រមព្រៀនេះ ជំនួយមនុស្សធម៌ជាថ្នាំពេទ្យនឹងត្រូវផ្តល់ទៅឱ្យចំណាប់ខ្មាំង ដែលរៀបចំដោយ ក្រុមហាម៉ាស់។ ជាថ្នូរមកវិញ ប្រទេសអ៊ីស្រាអែលនឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់មូលដ្ឋានទ័ពបន្ថែមទៀតចូលទៅក្នុងហ្គាហ្សា។ ស្ថានភាពក្នុងតំបន់ហ្គាហ្សា មានសភាពធ្ងន់ធ្ងរបន្ទាប់ពីការទម្លាក់គ្រាប់បែក ពីសំណាក់ប្រទេស អ៊ីស្រាអែលអស់រយៈពេលជាង៣ខែមកនេះ ។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនិយាយថា ខ្លួនសង្ឃឹមថា កិច្ចពិភាក្សាបន្ថែមទៀតអាចនាំទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃអង្គារថា បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកបាននឹងកំពុងស្ថិតនៅក្នុងប្រទេសកាតា ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងបែបនេះ។
លោកបានបន្ថែមថា ការពិភាក្សានេះមានលក្ខណៈ«ធ្ងន់ធ្ងរខ្លាំងណាស់»។ «យើងសង្ឃឹមថា វានឹងបង្កើតផ្លែផ្កាឆាប់ៗ»។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ការផ្គត់ផ្គង់មនុស្សធម៌នឹងចាប់ផ្តើមចាកចេញពីរដ្ឋធានី ដូហា ប្រទេសកាតា ទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃពុធនេះ ។ ជំនួយនឹងត្រូវយកទៅតំបន់ហ្កាហ្សា ដើម្បីបញ្ជូនទៅឱ្យជនស៊ីវិល ខណៈថ្នាំពេទ្យត្រូវបញ្ជូនទៅឱ្យក្រុមហាម៉ាស់ ដែលជា អ្នកចាប់ជនជាតិអ៊ីស្រាអែលធ្វើជាចំណាប់ខ្មាំង។
សូមបញ្ជាក់ថា ចំណាប់ខ្មាំងជាង ១៣២ នាក់ នៅក្នុ្ងតំបន់ហ្គាហ្សា ត្រូវបានគេគិតថានៅតែត្រូវការជំនួយ ។ ជាមួយគ្នានោះ មនុស្សយ៉ាងហោចណាស់ ២៤០ នាក់ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ ចំណែក មនុស្សប្រហែល ១,៣០០ នាក់ ដែល ភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមរវាងប្រទេសអ៊ីស្រែអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នេះ ៕

