ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសវនាការជាមួយគណៈប្រតិភូសភានៃសហព័ន្ឋអាល្លឺម៉ង់ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសហព័ន្ឋអាល្លឺម៉ង់ដឹកនាំដោយ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្សAfD នៃសហព័ន្ឋអាល្លឺម៉ង់ និងសហការី ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជូនដល់សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យ ដល់កម្ពុជា។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល នៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរបានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ងតាមរយៈ ដំណើរទស្សនកិច្ច សិក្សា និងកម្មវិធីផ្សេងៗ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឆ្លៀតយកឱកាសនេះ ជម្រាបជូនភាគីអាល្លឺម៉ង់ អំពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាសព្វថ្ងៃ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត បានបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពដឹកដី ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរឡើង និងបានឆ្លុះបញ្ចាំងពីការផ្ទេរអំណាចដោយរលូននិងដោយសន្តិវិធី នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្សAfD នៃសហព័ន្ឋអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងសូមឯកភាពចំពោះប្រសាសន៍របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមប្រធានគណៈប្រតិភូសភានៃសហព័ន្ឋអាល្លឺម៉ង់ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។

ឯកឧត្តម Tino CHRUPALLA បានមានប្រសាសន៍ថា ឯកឧត្តមក៏បានដឹងខ្លះៗហើយ តាមរយៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយឯកឧត្ដមនឹងនាំយកបញ្ហាទាំងនេះទៅពិភាក្សាគ្នានៅក្នុងគណៈកម្មការសភាអាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូចជាចូលរួមក្នុងការជួយកសាងធនធានមនុស្សរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ ឯកឧត្តម Tino CHRUPALLA បានថ្លែងអំណរគុណចំពោះសម្ដេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតឱ្យឯកឧត្ដម មានជំនួបសវនាការជាមួយឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១ រដ្ឋសភានាពេលនេះ ដោយឯកឧត្ដមបានរៀនសូត្រ និងយល់ដឹងច្រើនពីកម្ពុជា ហើយឯកឧត្ដមនឹងបន្ដស្វែងយល់បន្ថែមទៀត ជាមួយនឹងជំនួបសវនាការ ក៏ដូចជាកម្មវិធីផ្សេងៗទៀតដែលបានគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចនេះដែរ។
