Close

NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤០០០កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤០០០កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤០០០កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

កញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើសរើសបុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. លើកឡើងថា នេះជាលើកទី២ បន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុកឈូកនៃខេត្តកំពត់កន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។ កញ្ញាបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខាងមុខនេះខាង រោងចក្រ មានតម្រូវការជ្រើសរើសកម្មករ/កម្មការិនីចំនួនប្រមាណ ៤០០០នាក់ បន្ថែមទៀត។
កញ្ញាបន្តថា តាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើងឱ្យឆាប់ទទួលបានកម្មករ/កម្មការិនីទាន់ពេលវេលា។ កញ្ញាបញ្ជាក់ថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៌មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករកម្មការិនីតាមតម្រូវការដែលយើងចង់បាន»។ ជាមួយគ្នានេះដែរ កញ្ញាក៏សូមថ្លែងអំណរអរគុណជាងខ្លាំងចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នៅតាមមូលដ្ឋាននេះឡើង។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ ប្រជាពលរដ្ឋ ដែលចង់សួរព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមមកចូលរួមវេទិកការងារនេះឲ្យបានច្រើនកុះករ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទទាក់ទង