Close

ដំណឹងល្អ ! នាវា​ Westerdam​ នឹងវិលមកកាន់កម្ពុជាជាលើកទី២ ជាមួយនឹងការនាំយកទេសចរចម្រុះជាតិសាសន៍សរុបជិត៤០០០នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ដំណឹងល្អ ! នាវា​ Westerdam​ នឹងវិលមកកាន់កម្ពុជាជាលើកទី២ ជាមួយនឹងការនាំយកទេសចរចម្រុះជាតិសាសន៍សរុបជិត៤០០០នាក់ ដំណឹងល្អ ! នាវា​ Westerdam​ នឹងវិលមកកាន់កម្ពុជាជាលើកទី២ ជាមួយនឹងការនាំយកទេសចរចម្រុះជាតិសាសន៍សរុបជិត៤០០០នាក់

ភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ នាវាទេសចរណ៍យក្សរបស់អាមេរិក​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃ២៨​ ខែធ្នូ​ ឆ្នាំ២០២៣ ដើម្បីទស្សនាប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង​។

អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេចតេជោ​ ទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕


អត្ថបទទាក់ទង