សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង»
កែប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប។
មានប្រសាសន៍ក្នុងពិធីដ៏អធិកធម
នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣
សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សម្តេចធិបតី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់។ ជាមួយគ្នានោះ សម្តេច ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញផ្ទៃប្រទេសឱ្យបានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, រដ្ឋបាលខេត្តកែប, កងកម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងបានធ្វើឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម និងរលូនតាមការគ្រោងទុក៕