PSG កំពុងពិភាក្សាជាមួយ Messi ជុំវិញការបន្តកុងត្រាថ្មី
(បាល់ទាត់)៖ ទីប្រឹក្សាបាល់ទាត់របស់ Paris Saint-Germain(PSG) លោក Luis Campos គូសបញ្ជាក់ថា លោកនឹងរីករាយ ប្រសិនបើតារាឆ្នើមអាហ្សង់ទីន Lionel Messi យល់ព្រមបន្តកុងត្រាជាមួយក្លិប។
ម្ចាស់ជើងពាន Ballon D’Or វ័យ ៣៥ ឆ្នាំរូបនេះ បានសម្រេចនូវមហិច្ឆតាដ៏ធំក្នុងជីវិតរបស់ខ្លួនក្នុងការឈ្នះ World Cup ជាមួយអាហ្សង់ទីនកាលពីខែធ្នូឆ្នាំ២០២២កន្លងទៅ។ ប៉ុន្តែមានពាក្យចចាមរាមថា រូបគេនឹងត្រលប់ទៅកាន់ទ្រនំចាស់វិញ គឺក្លិបអ្នកមានបុណ្យ FC Barcelona ក្រោយចាក់ចេញមកចូលរួមជាមួយ PSG កាលពីឆ្នាំ២០២១ ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។
ជុំវិញបញ្ជានេះ លោក Luis Campos បានប្រាប់ទូរទស្សន៍បារាំង TF1 ថា៖« “យើងកំពុងពិភាក្សាគ្នា។ ខ្ញុំមិនអាចលាក់បាំងរឿងនោះបានទេ ខ្ញុំចង់ឱ្យគាត់ចូលរួមក្នុងគម្រោងនេះ ដើម្បីបន្តជាមួយយើង ហើយខ្ញុំនឹងរីករាយប្រសិនបើគាត់ធ្វើដូច្នេះ។ ប៉ុន្តែពេលនេះយើងកំពុងពិភាគ្សា ដើម្បីធ្វើឲ្យប្រាកដថា Leo Messi នៅតែនៅជាមួយយើង»។
ជាមួយគ្នានេះ លោក Campos ក៏បានកោតសរសើរ ចំពោះការរួមចំណែកនាពេលថ្មីៗនេះរបស់ Messi ជាពិសេសក្នុងការយកឈ្នះលើក្រុម Montpellier កាលលពីសប្ដាហ៍មុន។
Messi បានស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏សំខាន់ក្នុងការទទួលជ័យជម្នះ ៣-១ លើក្រុម Montpellier ហើយបន្ទាប់មកបានស៊ុតបញ្ចូលទីគ្រាប់ទី ១០ របស់ខ្លួននៅ Ligue 1 នៃរដូវកាលនេះ កាលពីថ្ងៃសៅរ៍ ខណៈដែល PSG អវត្តមាន Kylian Mbappe និង Neymar ដោយសាររបួស៕