មេដឹកនាំរុស្ស៊ី លោក Putin បំពេញទស្សនកិច្ចស្ងាត់ៗនៅមូលដ្ឋានទ័ពសំខាន់មួយនៅ Rostov-on-Don
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានសរសេរថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចូលរួមកិច្ចប្រជុំសំងាត់មួយជាមួយនឹងមេបញ្ជាការកំពូលរបស់រុស្ស៊ីនៅក្នុងអំឡុងពេលទស្សនកិច្ចមិនផ្លូវការមួយទៅកាន់មូលដ្ឋានទ័ពដ៏សំខាន់របស់រុស្សីនៅភាគខាងត្បូង។
មូលដ្ឋានទ័ពនេះគឺជាទីតាំងធំជាងគេក្នុងការគ្រប់គ្រងប្រតិបត្តិការយោធាលុកលុយប្រទេសអ៊ុយក្រែនហើយដំណើរទស្សនកិច្ចស្ងាត់ៗនេះត្រូវបានធ្វើឡើងនៅក្នុងពេលដែលលោក Putin កំពុងត្រឡប់មករុស្សីវីញពីប្រទេសហ្គាហ្សាស្ថាន។
អមដំណើរនេះផងដែរក៏រួមមានទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu និងប្រធានអគ្គសេនាធិការ លោក Valery Gerasimov ។នៅក្នុងជំនួបនោះលោក Putinបានត្រួតពិនិត្យទៅលើគំរូឧបករណ៍យោធាថ្មីនិងជួបពិភាក្សាជាមួយមន្ត្រីការពារជាតិកំពូលផ្សេងទៀត អំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងគៀវ។
គួរឲ្យដឹងដែរថា តំបន់ Rostov មានព្រំប្រទល់ជាប់ព្រំដែនជួរមុខរបស់រុស្ស៊ី Donetsk និង Lugansk ហើយជារឿយៗវាតែងតែស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ដំណើរទស្សនកិច្ចលើកមុនរបស់លោក Putin នៅទីស្នាក់ការ Rostov-on-Don បានធ្វើឡើងកាលពីខែមុន ផងពោលគឺកាលពីខែសីហា និងមីនាកន្លងមក។
ដំណើរទស្សនកិច្ចនេះក៏បានកើតឡើងចំពេលដែលការវាយលុករបស់អ៊ុយក្រែនបានទទួលរងបរាជ័យនិងបានអូសបន្លាយតាំងពីខែមិថុនាមក ដោយសូម្បីតែអគ្គមេបញ្ជាការអ៊ុយក្រែនលោក Valery Zaluzhny ឥឡូវនេះក៏បានទទួលស្គាល់ថាទីក្រុងកៀវទំនងជាមិនអាចសម្រេចបានតាមផែនការរបស់ខ្លួនបានឆាប់ពេកនោះទេ៕