ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព។
ការដាក់បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
និងបន្ទាប់ពីគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ ក្រោយពេលមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបរបស់សមត្ថកិច្ច ។
ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាលខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនឹងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះត្រង់ និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមានហានីភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួននិងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញ៕