Close

Man City ស្មើគ្នាជាមួយ Chelsea ខណៈគ្រាប់បាល់កើតឡើងរហូតដល់ ៨គ្រាប់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
Man City ស្មើគ្នាជាមួយ Chelsea ខណៈគ្រាប់បាល់កើតឡើងរហូតដល់ ៨គ្រាប់ Man City ស្មើគ្នាជាមួយ Chelsea ខណៈគ្រាប់បាល់កើតឡើងរហូតដល់ ៨គ្រាប់

ការស៊ុតបាល់ប៉េណាល់ទី នៅចុងម៉ោងរបស់ Cole Palmer បានជួយក្រុមតោខៀវ Chelsea ស្មើគ្នាជាមួយក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល ៤ ទល់នឹង ៤ ក្នុងជុំទី១២ នៃការប្រកួត Premier League កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីយកឈ្នះ Tottenham ក្នុងលទ្ធផល ៤-១ កាលពីសប្ដាហ៍មុន ពេលនេះ Chelsea បានបន្តការប្រកួតដ៏លំបាកមួយទៀតជាមួយក្រុមការពារតំណែងជើងឯក Manchester City។ ថ្វីបើ Man City បើកការនាំមុខមុនដោយបាល់ពិន័យ១១ម៉ែត្រ របស់ Erling Haaland នៅនាទី២៥ ក៏ដោយ ក៏ក្រុមរបស់លោក Mauricio Pochettino បានតាមស្មើវិញ ត្រឹមតែ៤នាទីប៉ុណ្ណោះ ដោយការតែតបាល់របស់ Thiago Silva។

បន្ទាប់មក Chelsea បានបើកការនាំមុខវិញម្ដង ដោយអតីតកីឡាកររបស់ Man City គឺ Raheem Sterling នៅនាទី៣៧ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Reece James។ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនអាចរក្សាលទ្ធផលនេះ បានរហូតដល់ចប់តង់ទីមួយឡើយ ពោលគឺរៀបនឹងបញ្ចប់ការប្រកួតទៅហើយ Manuel Akanji បានស៊ុតតាមស្មើវិញ។ ចប់តង់ទី១ Chelsea ២-២ Man City។

លុះចូលដល់តង់ទី២ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែរចាប់ផ្ដើមការប្រកួតបានតែ២នាទីប៉ុណ្ណោះ Haaland រកបានគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ និងជាគ្រាប់បាល់ទី២ របស់គេ ក្នុងប្រកួត ទោះបីជាយ៉ាងណា Nicolas បានរកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះ Chelsea តាមស្មើវិញនៅនាទីទី៦៧។ ចុងម៉ោងទៅហើយ Rodri បានស៊ុតគ្រាប់បាល់ឲ្យ Man City នាំមុខសាជាថ្មី នៅនាទី៨៦ យ៉ាងណានៅនាទី៩០+ អតីតកីឡាកររបស់ Man City Cole Palmer ស៊ុតបាល់ប៉េណាល់ទីតាមស្មើ ហើយចប់ការប្រកួត Chelsea ៤-៤ Man City។

តាមរយៈលទ្ធផលនេះ Man City នៅបន្តឈរកំពូលតារាង មាន ២៨ពិន្ទុ ខណៈ Chelsea ឈរលេខ១០ មាន ១៦ពិន្ទុ៕

អត្ថបទទាក់ទង