កីឡាការិនី ស្រួង ភាវី ៖ បើម្នាក់ៗគិតគូរ អំពីជីវភាពប្រចាំថ្ងៃរបស់កីឡាករ ដូចគិតគូរ អំពីលទ្ធផលចាញ់ឈ្នះរបស់កីឡាករ មិនដឹងថាវិស័យកីឡារបស់យើងរីកចម្រើនយ៉ាងណាទេ
កាលពីពេលថ្មីៗនេះ អ្នកលេងគុនខ្មែរ ព្រុំ សំណាង បានប្រកួតជាមួយស្ដេចប្រដាល់ភូម៉ា Dave Leduc ក្នុងកម្មវិធី Wurkz សេនាគុនខ្មែរពិភពលោក ដែលប្រកួតបែប Mas Fight Kun Khmer Rules ដោយមួយទឹកមាន ៩នាទី។ ជាលទ្ធផលអ្នកទាំង២ មិនមានអ្នកឈ្នះ អ្នកចាញ់ឡើយ ពោលគឺបានប្រកួតស្មើគ្នា។
លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រហាក់មិនសប្បាយចិត្តនោះទេ ហើយបែរជារិះគន់ថា ព្រុំ សំណាង បានតែអួតតែពេលប្រកួតមែនទែន បែរជាវាយមិនកើត ដោយមិនអាចបង្ហាញពីភាពខ្លាំងរបស់គុនខ្មែរ ហើយថែមទាំងរបួសធ្ងន់ទៀតផង។ ប៉ុន្តែបែរជាមានមតិមួយចំនួនទៀតបានលើកឡើងថា សំណាង មិនសូវហ្វឹកហាត់នោះទេ គិតតែថតនេះថតនោះ ហាក់មើលងាយគូប្រកួត ទើបជាហេតុមួយរយៈពេលចុងក្រោយនេះ រូបគេហាក់វាយធ្លាក់ទម្រង់បែបនេះ។
ជុំវិញបញ្ហានេះ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលជាប់លេខ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង នៃកីឡាស្នូកឃ័រ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖« ម្នាក់ៗគិតគូរណាស់ខ្វល់ខ្វាយណាស់ អំពីលទ្ធផលចាញ់ឈ្នះរបស់កីឡាករ ប៉ុន្តែម្នាក់ៗមិនសូវខ្វល់ខ្វាយគិតគូរអំពីជីវភាពប្រចាំថ្ងៃ អំឡុងពេលហ្វឹកហាត់របស់កីឡាករឡើយ»។
កីឡាការិនីដែលដណ្ដើមបានមេដាយមាស នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់ថា ៖« ប្រសិនបើម្នាក់ៗ គិតគូរខ្វល់ខ្វាយអំពីជីវភាពប្រចាំថ្ងៃអំឡុងពេលហ្វឹកហាត់របស់កីឡាករ ដូចគិតគូរខ្វល់ខ្វាយអំពីលទ្ធផលចាញ់ឈ្នះរបស់កីឡាករ មិនដឹងថាវិស័យកីឡារបស់យើងរីកចម្រើនយ៉ាងណាទេ?»
គួរបញ្ជាក់ថា៖ ស្រួង ភាវី គឺជាកីឡាការិនីប្រភេទកីឡាស្នូកយ័រមួយរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង ប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក៕