Man United សម្លឹងឃើញអ្នកចាត់ការ២រូប ជំនួសតំណែង លោក Erik ten Hag
យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្លិបបិសាចក្រហម Manchester United កំពុងពិចារណារកអ្នកចាត់ការថ្មី ដើម្បីជំនួសដំណែង លោក Erik ten Hag។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Metro។
ជាការពិតណាស់ លោក Erik Ten Hag កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពី United បានបរាជ័យម្ដងហើយម្ដងទៀតនៅ Old Trafford ដោយកាលពីថ្ងៃពុធ ពួកគេត្រូវបានទម្លាក់ចេញពីពានរង្វាន់ Carabao Cup ក្រោមថ្វីជើងក្រុមសារិកាព្រៃ Newcastle ក្នុងលទ្ធផល ៣-០។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន Man Utd ក៏ត្រូវបានក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola លត់យ៉ាងចាស់ដៃផងដែរ ក្នុងលទ្ធផល ៣-០ នៅ Old Trafford ដូចគ្នា ក្នុងការប្រកួត Premier League សប្ដាហ៍ទី១០។
យោងទៅតាមកាសែត The Times ដោយសារលទ្ធផលមិនសូវល្អ ពេលនេះ United កំពុងរៀបចំជើងព្រួល ដោយពិចារណារកអ្នកជំនួសលោក Ten Hag។ របាយការណ៍បានអះអាងថា គ្រូបង្វឹករបស់ Sporting គឺលោក Ruben Amorim និងលោក Zinedine Zidane គឺជាបេក្ខភាពពីររូប ដែល United សម្លឹងឃើញ។
លោក Zinedine Zidane កំពុងនៅទំនេរក្នុងប្រទេសបារាំង ចាប់តាំងពីចាកចេញពី Real Madrid ក្នុងខែឧសភា ឆ្នាំ២០២១។ អ្វីដែលគ្រប់គ្នាចាំមិនភ្លេចពីឈ្មោះរបស់ Zidane ក្នុងនាមជាគ្រូបង្វឹកនោះគឺលោកបានជួយក្រុម Real Madrid លើកពាន UCL ៣ដងជាប់គ្នា ពោលគឺមិនមានគ្រូបង្វឹកណាអាចធ្វើបានដូចលោកឡើយ។ ក្រៅពីពានរង្វាន់ UCL លោកក៏បានជួយក្លិបលើកពានផ្សេងផងដែរ មានដូចជា៖ La Liga ២ដង, Spanish Super Cup ២ដង, UEFA Super Cup ២ដង និង FIFA Club World Cup ២ដង។
ចំណែកលោក លោក Amorim បានឈ្នះពានរង្វាន់លីគព័រទុយហ្គាល់ និង League Cup ពីរដង ក្នុងរដូវកាលដំបូងរបស់គាត់ ជាមួយ Sporting ។ អ្នកចាត់ការវ័យ ៣៨ឆ្នាំរូបនេះ ស្ថិតក្នុងបេក្ខភាពដែល Chelsea ចង់បានផងដែរ មុនពេលក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍ បានតែងតាំង Mauricio Pochettino។ លោកAmorim បានបញ្ជាក់យ៉ាងច្បាស់ថា គាត់សប្បាយចិត្តក្នុងការស្នាក់នៅ Sporting លុះត្រាតែគាត់ត្រូវបានបង្ខំឱ្យចាកចេញ៕