Close

អបអរសាទរ! ទីក្រុងបាត់ដំបងត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អបអរសាទរ! ទីក្រុងបាត់ដំបងត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN ) អបអរសាទរ! ទីក្រុងបាត់ដំបងត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជា ដែលរួមមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នពាក់ព័ន្ធបានសម្តែងការអបអរសាទចំពោះទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN ) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ខេត្តបាត់ដំបង គឺជាខេត្តខ្មែរទី១ ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុង ពិភពលោករបស់អង្គការយូណេស្គូ ស្តីពីការច្នៃប្រតិដ្ឋវប្បធម៌ក្នុងវិស័យម្ហូបអាហារ។

បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្គូ (UCCN) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងនានា ដែលបានកំណត់ការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបន្តថា បណ្តាញទីក្រុងច្នៃប្រតិដ្ឋ គឺជាដៃគូឯកសិទ្ធិរបស់អង្គការយូណេស្គូ មិនត្រឹមតែជាវេទិកាសម្រាប់ការឆ្លុះបញ្ចាំងពីតួនាទីនៃការច្នៃប្រតិដ្ឋ ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានបង្កាត់ពូជនៃសកម្មភាព និងការច្នៃប្រតិដ្ឋ ជាពិសេសសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍ។

ដោយឡែក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ សូមសំដែងនូវការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលបានជាប់ជាសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN) “ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ (Gastronomy)”។

ក្នុងនាមជាអ្នកផ្តួចផ្តើមកិច្ចការខាងលើ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ សូមអរគុណ និងកោតសរសើរចំពោះគុណភាពការងាររបស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធិ អគ្គនាយកបច្ចេកទេសវប្បធម៌ ក្រុមការងារអង្គការយូណេស្កូប្រចំាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត Masanori Nagaoka លោកស្រី Carole Izdsak និងលោក ហុង មករា ក្រុមការងាររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នាពេលកន្លងមក។

ឯកឧត្តមអគ្គនាយក ក៏សូមអរគុណផងដែរទៅដល់វិស័យឯកជនដែលបានគាំទ្រដល់ដំណើរការនៃការដាក់បញ្ចូលនេះ ពិសេសសហព័ន្ធទេសចរណ៍កម្ពុជា (Cambodia Tourism Federation) សមាគមភោជនីយដ្ឋានកម្ពុជា (Cambodia Restaurant Association) សមាគមសហព័ន្ធចុងភៅកម្ពុជា (Cambodia Chefs Society) ដែលបានធ្វើលិខិតគាំទ្របេក្ខភាពទីក្រុងបាត់ដំបង៕


អត្ថបទទាក់ទង