Close

អាមេរិកនឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីបម៉ូដេល  Minuteman III នៅថ្ងៃពុធនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកនឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីបម៉ូដេល  Minuteman III នៅថ្ងៃពុធនេះ អាមេរិកនឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីបម៉ូដេល  Minuteman III នៅថ្ងៃពុធនេះ

បរទេស ៖ បើមិនមានអ្វីប្រែប្រួលទេនោះមន្ទីរបញ្ចកោណនឹងធ្វើការបាញ់សាកល្បងកម្លាំងរបស់មីស៊ីលឆ្លងទ្វីប(ICBM)ម៉ូដេល  Minuteman III នៅថ្ងៃពុធនេះហើយនៅឯមូលដ្ឋានទ័ពអាកាសភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ Pat Ryder បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញថា ៖ការបាញ់តេស្តសាកល្បងនូវមីស៊ីលឆ្លងទ្វីបថ្មីក្នុងគោលបំណងបង្ហាញនូវសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៃកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេនៅក្នុងការបាញ់សាកល្បងលើកនេះ។

គួរឲ្យដឹងដែរថា ការបាញ់សាកល្បងនេះធ្វើឡើងតិចជាង២ខែប៉ុណ្ណោះបន្ទាប់ពីការបាញ់បង្ហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកនូវមីស៊ីល Minuteman III ដដែលនេះម្តងដែរចេញពីមូលដ្ឋានទ័ពតែមួយហើយដូចទៅនឹងការបាញ់បង្ហោះចុងក្រោយ កន្លងមកដែរដោយការធ្វើតេស្តនៅថ្ងៃពុធនេះត្រូវបានកងកម្លាំងអាមេរិកបញ្ជាក់ថាជាកាលកំណត់ទុកជាមុន និង ស្ថិតនៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួនប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ការបាញ់តេស្តសាកល្បងនេះបានធ្វើឡើងនៅចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងនៅជំុវិញពិភពលោករួមទាំងបញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងបន្តអូសបន្លាយ បញ្ហាសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែកើនឡើងកំដៅនិងជាពិសេសទំនាក់ទំនងអាមេរិកនិងចិនកំពុងបន្តមានភាពយ៉ាប់យ៉ឺនឡើងថែមទៀត។

កាលពីឆ្នាំកន្លងទៅ អាមេរិកបានសម្រេចចិត្តលុប និងពន្យាពេលការបាញ់សាកល្បង ICBM ចំនួន២ដងរួចមកហើយដោយលើកឡើងពីការព្រួយបារម្ភអំពីការយល់ច្រឡំដែលអាចកើតមានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង។

មីស៊ីលឆ្លងទ្វីប Minuteman III ត្រូវបានដាក់ពង្រាយជាលើកដំបូងក្នុងឆ្នាំ១៩៧០ ជាមួយនឹងផែនការក្នុងការដាក់ឲ្យប្រើប្រាស់ជាមួយនឹងកងកម្លាំងទ័ពអាមេរិកត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់និងនៅតែបន្តដាក់ឲ្យប្រើប្រាស់និងសាកល្បងនៅឡើយ។

អ្វីដែលគេបានដឹងនៅពេលនេះគឺថាអាមេរិកក៏បានត្រៀមនូវមីស៊ីលជំនាន់ថ្មីដើម្បីជំនួស Minuteman III ផងដែរដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៅឡើយមានឈ្មោះថា Ground Based Strategic Deterent (GBSD) ប៉ុន្តែវាត្រូវការពេលវេលាយ៉ាងហោចណាស់ដល់ឆ្នាំ២០២៩ទើបអាចយកមកប្រើប្រាស់បាន៕

អត្ថបទទាក់ទង