Close

FIFA ហាមឃាត់អតីតប្រធានបាល់ទាត់អេស្ប៉ាញ ពីសកម្មភាពបាល់ទាត់ រយៈពេល ៣ឆ្នាំ ជុំវិញការថើបមាត់កីឡាករអេស្ប៉ាញ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
FIFA ហាមឃាត់អតីតប្រធានបាល់ទាត់អេស្ប៉ាញ ពីសកម្មភាពបាល់ទាត់ រយៈពេល ៣ឆ្នាំ ជុំវិញការថើបមាត់កីឡាករអេស្ប៉ាញ FIFA ហាមឃាត់អតីតប្រធានបាល់ទាត់អេស្ប៉ាញ ពីសកម្មភាពបាល់ទាត់ រយៈពេល ៣ឆ្នាំ ជុំវិញការថើបមាត់កីឡាករអេស្ប៉ាញ

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសថា ខ្លួនបានដាក់បំរាមរយៈពេល ៣ឆ្នាំ លើអតីតប្រធានបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីការថើបបបូរមាត់ កីឡាការិនី Jenni Hermoso។

ដំបូងឡើយ FIFA បានព្យួរជើងលោក Rubiales ជាបណ្តោះអាសន្នរយៈពេល ៩០ថ្ងៃ បន្ទាប់ពីការថើបមាត់កីឡាការិនី Jenni Hermoso ក្នុងអំឡុងពិធីប្រគល់មេដាយ និងបន្ទាប់ពីអេស្ប៉ាញបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកស្ត្រី នៅទីក្រុងស៊ីដនី ក្នុងខែសីហា។

ពេលនេះ FIFA បានចេញសេចក្ដីថ្លែងការមួយថា៖“គណៈកម្មាធិការវិន័យរបស់ FIFA បានហាមប្រាមលោក Luis Rubiales ដែលជាអតីតប្រធានសមាគមបាល់ទាត់អេស្ប៉ាញ (RFEF) ពីគ្រប់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ ក្នុងកម្រិតជាតិ និងអន្តរជាតិ សម្រាប់រយៈពេល៣ឆ្នាំ”។

សេចក្តីថ្លែងការណ៍ បានបន្តថា៖“ការសម្រេចនេះ នៅតែជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍។ FIFA រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដាច់ខាតរបស់ខ្លួន ក្នុងការគោរព និងការពារសុច្ចរិតភាពរបស់មនុស្សទាំងអស់”។

គួរបញ្ជាក់ថា លោក Luis Rubiales ដែលបានទទូចម្តងហើយម្តងទៀតថា ការថើបគឺជាការយល់ព្រមនោះ បានលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កាលពីខែកញ្ញា ក្រោយមានការទាមទារពីសំណាក់ក្រុមនារីអេស្ប៉ាញ៕


|

អត្ថបទទាក់ទង