ទីបំផុត ! គីរីវង់សុខសែនជ័យ ស្គាល់ជ័យជំនះលើកដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
(បាល់ទាត់)៖ បន្ទាប់ពីចំណាយពេលចំនួន៩សប្ដាហ៍លើទីលាន នៅទីបំផុត ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាបូន វិនតា ស្គាល់រស់ជាតិឈ្នះលើកដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ ក្រោយយកឈ្នះជើងខ្លាំងភ្នំពេញក្រោន ១-០ កាលពីរសៀលថ្ងៃ អាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ នាកីឡដ្ឋានគីរីវង់។
ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាច្រើននាក់ បានបញ្ចប់ទៅដោយភាពរីករាយសម្រាប់ម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ដោយបានយកឈ្នះក្រុមសឹងក្រហមភ្នំពេញក្រោន ក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជំនះរបស់គីរីវង់សុខសែនជ័យ រកបានដោយកីឡាករ Elsayed Mahmaoud នៅនាទី៤៤។
គួរជម្រាបឱ្យដឹងផងដែរថា នេះជាជ័យជំនះលើកដំបូងហើយសម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ។ គិតត្រឹមសប្ដាហ៍ទី៩នេះ គីរីវង់សុខសែនជ័យ កំពុងឈរលេខ៩ មាន ៥ពិន្ទុ ឆ្លងកាត់ការប្រកួត ៩ប្រកួត ឈ្នះ១ ចាញ់៦ ស្មើ២ ខណៈ ស្វាយរៀង ឈរលេខ១ មាន ២៧ពិន្ទុពេញ។
លទ្ធផលការប្រកួតរបស់ គីរីវង់សុខសែនជ័យ ទាំង ៩សប្ដាហ៍៖
-វិសាខា ២-០ គីរីវង់សុខសែនជ័យ
-គីរីវង់សុខសែនជ័យ ១-១ Tiffy Army
-អង្គរថាយហ្គឺរ ២-០ គីរីវង់សុខសែនជ័យ
-គីរីវង់សុខសែនជ័យ ១-២ ព្រៃវែង
-បឹងកេត ២-០ គីរីវង់សុខសែនជ័យ
-ណាហ្គាវើលដ៍ ១-១ គីរីវង់សុខសែនជ័យ
-គីរីវង់សុខសែនជ័យ ០-១ ISI ដង្កោសែនជ័យ
-ស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ
-គីរីវង់សុខសែនជ័យ ១-០ ភ្នំពេញក្រោន ។
គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា បានបញ្ចប់ជុំទី១ ហើយ គិតត្រឹមថ្ងៃ អាទិត្យ ម្សិលមិញនេះ ដូច្នេះការប្រកួតជុំទី២ នឹងធ្វើឡើងនៅខែក្រោយនេះ ។ ប្រកួតលើកក្រោយ ក្រុមគីរីវង់សុខសែនជ័យ នឹងបើកទ្វារកីឡដ្ឋានគីរីវង់ ទទួលស្វាគមន៍ក្រុមសេះមាសវិសាខា នៅថ្ងៃទី៤ ខែវិច្ឆិកា វេលាម៉ោង ៣៖៤៥នាទីល្ងាច៕