Ronaldo Nazario ៖ ពាន Ballon d’Or ឆ្នាំនេះ គួរតែផ្ដល់ឲ្យ Messi ដោយគ្មានការសង្ស័យឡើយ
តារាឆ្នើមអាហង្សទីន កីឡាករ Lionel Messi ត្រូវបានគេរំពឹងថា នឹងឈ្នះ 𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫 ឆ្នាំ ២០២៣ នេះ ខណៈវីរបុរសប្រេស៊ីល Ronaldo Nazario បាននិយាយថា ពានរង្វាន់ Ballon d’Or ឆ្នាំនេះ គួរតែផ្ដល់ឲ្យ Messi ដោយគ្មានការសង្ស័យឡើយ។
ជាការពិតណាស់ Messi ត្រូវបានគេគិតថា នឹងក្លាយជាម្ចាស់ពានរង្វាន់ 𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫 សម្រាប់ឆ្នាំនេះ ប៉ុន្តែវាត្រូវបានប្រជែងគ្នាយ៉ាងក្តៅគគុកជាមួយកីឡាករ Erling Haaland របស់ក្រុមមេឃខៀវ Man City។ ជាមួយនឹងអ្នកឈ្នះ នឹងត្រូវបានប្រកាសនៅថ្ងៃទី ៣០ ខែតុលាខាងមុខនេះ វីរបុរសប្រេស៊ីល Ronaldo Nazario បាននិយាយថា Messi ស័ក្តិសមនឹងទទួលបានពានរង្វាន់នេះ។
Ronaldo Nazario បានគូសបញ្ជាក់ថា៖« ” គ្មានការសង្ស័យឡើយ Ballon d’Or គួរតែផ្ដល់ទៅឲ្យLionel Messi ។ ពីព្រោះអ្វីដែល Messi បានធ្វើក្នុង World Cup ២០២២ គឺពិសេសណាស់។ វាបានរំឭកខ្ញុំ អំពីយុទ្ធនាការ World Cup របស់ Diego Maradona និង Pelé »។
មែនទែនទៅ Messi មិនត្រឹមតែលើកពាន World Cup 2022 ប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏បានលើកពាន French Super Cup និង Ligue 1 ជាមួយ Paris Saint-Germain ផងដែរ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ចប់រដូវកាលមុនជាមួយនឹងគ្រាប់បាល់ ២១គ្រាប់ និង ២០ assists ក្នុងការបង្ហាញខ្លួនសរុប ៤១ប្រកួត សម្រាប់ក្លឹបយក្សបារាំងមួយនេះ។
ទោះជាយ៉ាងណា ជើងខ្លាំងអាហ្សង់ទីន នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយជើងខ្លាំង Erling Haaland ដែលរកបានគ្រាប់បាល់សរុបចំនួន ៥២គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៣ប្រកួត កាលពីរដូវកាលមុន។ Haaland បានជួយ Manchester City លើកពាន៣ ក្នុងមួយរដូវកាល ពិសេសគឺពាន UCL។
Haaland នៅតែបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ ក្នុងរដូវកាល 2023-24 ដោយស៊ុតបញ្ចូលទីបាន ១១គ្រាប់ និង assist ២គ្រាប់ ក្នុង ១៤ប្រកួត ខណៈ Messi ស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤ប្រកួត នៅលីគអាមេរិក ជាមួយ Inter Miami៕