Close

អ៊ីស្រាអែល ពន្យាពេលប្រតិបត្តិការលុកលុយចូលហ្គាហ្សា និងទុកពេលខ្លះឲ្យអាមេរិកត្រៀមខ្លួនសិន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល ពន្យាពេលប្រតិបត្តិការលុកលុយចូលហ្គាហ្សា និងទុកពេលខ្លះឲ្យអាមេរិកត្រៀមខ្លួនសិន អ៊ីស្រាអែល ពន្យាពេលប្រតិបត្តិការលុកលុយចូលហ្គាហ្សា និងទុកពេលខ្លះឲ្យអាមេរិកត្រៀមខ្លួនសិន

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal (WSJ) កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថា អ៊ីស្រាអែល បានយល់ព្រមជាមួយនឹងសហរដ្ឋអាមេរិករួចទៅហើយក្នុងការពន្យាផែនការវាយលុកចូលទៅក្នុងទឹកដីហ្គាហ្សាដោយទុកឳកាសឲ្យកងកម្លាំងអាមេរិកក្នុងការរៀបចំមូលដ្ឋានទ័ពអាកាសនៅតាមតំបន់មជ្ឈឹមបូព៍ាបានរួចរាល់ជាមុនសិន។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមមន្ត្រីរបស់អ៊ីស្រាអែល និងអាមេរិកជាច្រើនរូបដែលសុំមិនបញ្ចេញឈ្មោះត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនស្នើសុំទៅរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការពន្យាពេលផែនការនៃប្រតិបត្តិការលុកលុយតំបន់ហ្គាហ្សាទៅដល់ចុងសប្តាហ៍នេះ។

ខណៈពេលជាមួយគ្នានេះ មន្ទីរប៉ង់តាហ្គោនកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅតាមមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ាប់រួម, គុយវ៉ែត, អ៊ីរ៉ាក់, ហ្ស៊កដានី និងស៊ីរីជាដើម។

ក្នុងពេលដែលអ៊ីស្រាអែលកំពុងត្រៀមវាយលុកហ្គាហ្សាសំដៅក្រុមហាម៉ាសនោះ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតបានកំណត់គោលដៅលើកងទ័ពអាមេរិកយ៉ាងហោចណាស់ ១០ដងរួចមកហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ និង៣ដងនៅក្នុងប្រទេសស៊ីរីត្រឹមរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ។

កន្លងមកនេះ មន្ត្រីអ៊ីស្រាអែលបានប្រាប់ WSJ ថាកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅតែឃុំខ្លួនដោយក្រុមហាម៉ាស់ ហើយការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាក៏ជាកត្តាក្នុងការសម្រេចចិត្តពន្យារពេលការវាយប្រហារផងដែរ។

រំលឹកដែរថា
អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​ជាមួយនឹង​ក្រុម​ហាម៉ាស​បន្ទាប់​ពី​ការ​លុកលុយ​ថ្ងៃ​ទី៧ ខែតុលា របស់​ក្រុម​សកម្មភាពជនជាតិប៉ាឡេស្ទីននេះ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ១៤០០ នាក់​ស្លាប់ ហើយប្រមាណជា២០០ នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួនធ្វើជាចំណាប់ខ្មាំង៕

អត្ថបទទាក់ទង