សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យ Apple និង Google ដកកម្មវិធី TikTok ចេញពី Store ដោយបារម្ភពីសន្តិសុខជាតិ
បរទេស៖ សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាកំពុងអំពាវនាវឱ្យ Apple និង Google ដកកម្មវិធី TikTok ចេញពី Store របស់ពួកគេ ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ ខណៈដែលនៅមុននេះមានរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានហាមឃាត់ការប្រើ TikTok នៅលើឧបករណ៍ៗផ្សេងៗរបស់មន្ត្រី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថា លោក Michael Bennet សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Colorado Democratic បានហៅ TikTok ថាជា “ការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក” ព្រមទាំងបានជំរុញឱ្យមានការហាមឃាត់ការប្រើកម្មវិធី TikTok ជាផ្លូវការ។
លោក Bennet បានសរសេរនៅក្នុងលិខិតមួយសរសេរទៅកាន់លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple និងលោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានគូសបញ្ជាក់ពីការភ័យខ្លាចថា ប្រទេសចិនអាចប្រើប្រាស់ច្បាប់សន្តិសុខជាតិរបស់ខ្លួន ដើម្បីបង្ខំ TikTok ឬក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនធំរបស់ TikTok ឱ្យប្រគល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
នៅមុននេះ TikTok ក៏បានលាតត្រដាងដល់អ្នកប្រើប្រាស់អឺរ៉ុបថា ទិន្នន័យរបស់ពួកគេអាចត្រូវបានចូលប្រើដោយបុគ្គលិកដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ប៉ុន្តែនៅពេលនេះ TikTok កំពុងរៀបចំមជ្ឈមណ្ឌលទិន្នន័យមួយនៅសហរដ្ឋអាមេរិក ដើម្បីទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាមេរិក។
លោក Bennet បានព្រមានថា ប្រទេសចិន អាចព្យាយាមកំណត់នូវអ្វីដែលអ្នកប្រើអាមេរិកមើលឃើញនៅលើកម្មវិធី TikTok ដោយមានការប៉ះពាល់ដែលអាចកើតមានចំពោះគោលនយោបាយការបរទេស និងលទ្ធិប្រជាធិបតេយ្យ។
Apple និង Google មិនបានឆ្លើយតបភ្លាមៗចំពោះសំណើខាងលើឡើយ៕