Close

អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ

ភ្នំពេញ៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នឹងរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះ បើតាមឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទី២៤ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ” ដែលទទួលបានគោលការណ៍ផ្លូវការដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃ បានកំពុងគោរពស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានណែនាំដល់អនុគណៈកម្មការទាំងអស់ដែលជាចំណុះគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ឱ្យខិតខំរៀបចំការងារពាក់ព័ន្ធទាំងឡាយឱ្យបានរួចរាល់តាមការគ្រោងទុក ស្របតាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូននូវតួនាទីភារកិច្ចទទួលខុសត្រូវ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ពិធីសម្ពោធនេះត្រូវតែរៀបចំឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបំផុត ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយឱ្យសមទៅនិងមុខមាត់ និងអគារដ៏ស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃនេះ៕

អត្ថបទទាក់ទង