Close

គ.ជ.បប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នៅថ្ងៃនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.បប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នៅថ្ងៃនេះ គ.ជ.បប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នៅថ្ងៃនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបិទបញ្ចប់ដំណើការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់នៅថ្ងៃទ ១៩ ខែតុលា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីចាប់ផ្តើមដំណើការរបស់ខ្លូន ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះ ។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងរយៈពេល ១៩ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ ឃើញថា៖ គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅរលូនល្អ

ឯកឧត្តមបន្តថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព។

ឯកឧត្តមបន្ថែមថា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ ។ភាគីពាក់ព័ន្ធនានា តួយ៉ាងដូចឯកឧត្តម លោកជំទាវ លោក លោកស្រី បានចូលរួមយ៉ាងសកម្ម តាមការអញ្ជើញដោយ គ.ជ.ប លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមភារកិច្ចរៀងៗខ្លួន
ឯកឧត្តម បញ្ជាក់ទៀតថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និង អ្នកសារព័ត៌មានបានផ្សព្វផ្សាយទូលំទូលាយធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករ។

បើតមា ឯកឧត្តម ហែល សារ៉ាត់ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ជំនន់ ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ប៉ុន្តែក៏មិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាង-ណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ក្នុងស្មារតីនេះហើយ ទើបយើងឃើញមានការិយាល័យចុះឈ្មោះមួយចំនួនបានបង្កើនពេលវេលាចុះឈ្មោះនៅម៉ោង ដែលខ្លួន (ក.ច.ប) ត្រូវទទួលទានអាហារថ្ងៃត្រង់ ហើយនៅក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌថ្មីៗនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅបើក ដើម្បីរង់ចាំផ្តល់សេវាចុះឈ្មោះបោះឆ្នោតជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា លើកលែងតែថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។

សរុបរួមមក ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃកន្លងមកនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខ- អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។

បើតាម គ.ជ.ប គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ មានដូចខាងក្រោម៖ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦.០៨៧ (ស្រីចំនួន ១០៨.០៥៣នាក់) អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៧.៩៩៥នាក់ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨.០៥០នាក់ nig អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៤៥.៤០៩នាក់ ។ នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃនេះ៕

អត្ថបទទាក់ទង