Close

ជំនួបរវាងប៊ែលហ្សិក និងស៊ុយអែត ត្រូវបានរំសាយ បន្ទាប់ពីអ្នកគាំទ្រស៊ុយអែត ២នាក់ ត្រូវបានគេបាញ់សម្លាប់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ កីឡា
ជំនួបរវាងប៊ែលហ្សិក និងស៊ុយអែត ត្រូវបានរំសាយ បន្ទាប់ពីអ្នកគាំទ្រស៊ុយអែត ២នាក់ ត្រូវបានគេបាញ់សម្លាប់ ជំនួបរវាងប៊ែលហ្សិក និងស៊ុយអែត ត្រូវបានរំសាយ បន្ទាប់ពីអ្នកគាំទ្រស៊ុយអែត ២នាក់ ត្រូវបានគេបាញ់សម្លាប់

ការប្រកួតបាល់ទាត់រវាងក្រុមបិសាចប៊ែលហ្សិក ទល់នឹងក្រុមជម្រើសជាតិស៊ុយអែត នារាត្រីថ្ងៃដើមសប្តាហ៍នេះត្រូវបានឆាចោល បន្ទាប់ពីជនជាតិស៊ុយអែតពីរនាក់ត្រូវបានគេបាញ់សម្លាប់នៅទីក្រុងប្រ៊ុចសែល ក្បែរទីតាំងប្រកួតជម្រុះ Euro 2024។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡាក្នុងស្រុក Het Laatste បានឲ្យដឹងថា អ្នកគាំទ្រខាងក្រុមភ្ញៀវស៊ុយអែត ចំនួន ២នាក់ ត្រូវបានបាញ់សម្លាប់នៅជិតមហាវិថី d’Ypres ភាគខាងជើងនៃកណ្តាលទីក្រុងប្រ៊ុចសែល គ្រាដែលការប្រកួតបានបញ្ចប់វគ្គទី១ ក្នុងលទ្ធផលបណ្តោះអាសន្ន ១-១។ ហេតុការនេះ ត្រូវបានគេសង្ស័យថា អាចបង្កជាភេរវកម្មផងដែរ។

ភ្លាមៗនោះដែរ អ្នកគាំទ្រ និងកីឡាករត្រូវបានបញ្ជាឲ្យនៅក្នុងកីឡដ្ឋាន King Baudouin ជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព មុនពេលត្រូវជម្លៀសចេញនាម៉ោងជិត ១១យប់ថ្ងៃដដែល ដ្បិតក្រុមកីឡាករស៊ុយអែត ត្រូវការពារដោយប៉ូលីស ធ្វើដំណើរទៅព្រលានយន្តហោះផងនោះ។

ដោយសារហេតុការណ៍នេះ ជំនួបរវាងបែលហ្ស៊ិក និងស៊ុយអែត ត្រូវបានឆាចោលនៅពាក់កណ្តាលតង់។ ក្រុមកីឡាករត្រូវបានគេរាយការណ៍ថា បានបដិសេធមិនចូលទីលាននោះទេ ដោយអះអាងថា ពួកគេមិនចង់បន្តការប្រកួតនោះទេ ដោយសារតែអ្វីដែលបានកើតឡើង នៅទីក្រុងប្រ៊ុចសែល។

ជុំវិញបញ្ហានេះ ប្រធានក្រុមស៊ុយអែត កីឡាករ Victor Lindelof បានគូសបញ្ជាក់ថា «ប៊ែលហ្សិក បានកក់កៅអីទៅ Euro 2024 រួចស្រេចហើយ នៅពេលពួកយើងបានបាត់បង់ឱកាសនេះដែរ ហើយក៏គ្មានហេតុផលប្រកួតឡើងវិញដែរ»។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ UEFA បាននិយាយថា៖ «បន្ទាប់ពីមានការសង្ស័យថា មានការវាយប្រហារភេរវកម្មនៅទីក្រុងប្រ៊ុចសែល នៅល្ងាចនេះ វាត្រូវបានសម្រេចបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្រុមទាំងពីរ និងអាជ្ញាធរប៉ូលីសក្នុងតំបន់ថា ការប្រកួតជម្រុះរវាងបែលហ្ស៊ិក និងស៊ុយអែត ត្រូវបានឆាចោល»៕

អត្ថបទទាក់ទង