Privat Mbarga បានសញ្ជាតិខ្មែរ និងកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា
(បាល់ទាត់) ទីបំផុត! កីឡាករ Privat Mbargaជាកីឡាករអន្តរជាតិទី២ ទទួលបានសញ្ជាតិខ្មែរ និងត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ស្របពេលក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចត្រូវប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាពេលខាងមុខ។
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Bali United បានប្រកាសថា ខ្សែប្រយុទ្ធ Privat Mbarga នឹងត្រូវហោះមកកាន់ប្រទេសកម្ពុជា ដេីម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតជម្រុះ World Cup 2026 ទល់ក្រុមជម្រើសជាតិប៉ាគីស្ថាន។
កីឡាករ Privat Mbarga មកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៣ ក្នុងនាមជាកីឡាករបឹងកេត។ រយៈពេលដំបូងៗរបស់គាត់នៅកម្ពុជាមិនស្រួលទេ ដោយសារឧបសគ្គភាសា(កាលណោះគាត់ចេះតែបារាំង)។ ជាបន្តបន្ទាប់ Privat បានផ្ទេរទៅក្លិបនានាដូចជា វេស្ទេីនភ្នំពេញ, អង្គរថាយហ្គឺរ, ណាហ្កាវេីលដ៍, សាមុតប្រាកាន(ថៃ), អាស៊ីអឺរ៉ុបយូណាយធីត, ព្រះខ័នរាជស្វាយរៀង និងបច្ចុប្បន្នលេងឱ្យ Bali United នៅឥណ្ឌូនេស៊ី។
គួរអោយដឹងថា Private គឺជាកីឡាករបរទេសទី២ ដែលទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីកីឡាករដំបូងគឺ ខ្សែបម្រើដ៏ឆ្នើមរបស់ក្លិបភ្នំពេញក្រោន Yudai Ogawa។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា កំពុងប្រមូលផ្តុំហ្វឹកហាត់ ត្រៀមវគ្គជម្រុះជុំទី១ ពានរង្វាន់ FIFA World Cup 2026 ទល់នឹងបាគឺស្ថាន នៅថ្ងៃទី១២ ខែតុលា ខាងមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់៕