សោកស្ដាយផង! ហ្វូតសាលកម្ពុជា ចាញ់ អ៊ីរ៉ាក់ ៧-០ ក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី
កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់អ៊ីរ៉ាក់ យ៉ាងចាស់ដៃ ៧-០ ក្នុងការប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ ដែលការប្រកួតធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៊ូសបេគីស្ថាន។
គួរឱ្យដឹងថា សម្រាប់ការប្រកួតជើងឯកប្រចាំទ្វីបអាស៊ី AFC Futsal Asian 2024 នេះ កម្ពុជា ស្ថិតនៅក្នុងពូល G ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និងម៉ាឡេស៊ី។
ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៦-១ នៃការលើទីលាន SAMO SPORTS COMPLEX ក្នុងទីក្រុង Fergana ប្រទេសអ៊ូសបេគីស្ថាន។
ដូច្នេះតាមរយៈការប្រកួតចំនួន២ នេះ កម្ពុជា មិនទាន់មានពិន្ទុរាប់នោះទេ ពោលគឺចាញ់ទាំង២ប្រកួត ស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់ ខណៈរបូតគ្រាប់បាល់រហូតដល់១៣គ្រាប់។
ប្រកួតចុងក្រោយរបស់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFC Futsal Asian Cup ធ្វើឡើងរាល់២ឆ្នាំម្តង ខណៈជប៉ុន ជាម្ចាស់ជើងឯកឆ្នាំចាស់ក្នុងឆ្នាំ២០២២។ ឆ្នាំនេះ មានក្រុមចូលរួមសរុបចំនួន ៣១ក្រុម៕