Close

អបអរសាទរ! កីឡាការិនី ស្រួង ភាវី ទទួលពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មានរដ្ឋាភិបាលកូរ៉េ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អបអរសាទរ! កីឡាការិនី ស្រួង ភាវី ទទួលពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មានរដ្ឋាភិបាលកូរ៉េ អបអរសាទរ! កីឡាការិនី ស្រួង ភាវី ទទួលពានរង្វាន់វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មានរដ្ឋាភិបាលកូរ៉េ

កាលពីថ្ងៃ ព្រហស្បតិ៍ ទី៥ ខែតុលា ម្សិលមិញនេះ កីឡាការិនី ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលកូរ៉េជ្រើសរើសឱ្យទទួលពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវដ្ដីដ៏ធំក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង ដែលបញ្ជាក់ដោយកីឡាករិនី ស្រួង ភាវី ៖« ថ្ងៃនេះជាមហាកិត្តិយសដ៏ក្រៃលែង សម្រាប់រូបនាងខ្ញុំ ក៏ដូចជាប្រជាជនខ្មែរទាំងអស់ ដែលខ្ញុំត្រូវបានរដ្ឋាភិបាលកូរ៉េជ្រើសរើសឱ្យទទួលពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវដ្ដីដ៏ធំ ក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់»។

នាងបានបន្តថា៖« អ្នកដែលទទួលបានពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌នេះ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការដែលមានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឱ្យជាតិរីកចម្រើនព្រមទាំងបានលើកកិត្យានុភាពជាតិឱ្យមានភាពល្បីល្បាញថែមទៀតផង។ ហើយសម្រាប់រូបនាងខ្ញុំ បានលើកកិត្យានុភាពជាតិទាំងពីរ ជាតិកំណើត និងជាតិស្នាក់អាស្រ័យ»។

ស្រួង ភាវី បានបន្ថែមថា៖« សម្រាប់ពានរង្វាន់ដែលផ្ដល់ពីក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ គឺបុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការដែលជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់នេះគឺដំណាងឱ្យជាតិខ្មែរទាំងមូល ព្រោះ ស្រួង ភាវី ម្នាក់នេះ គឺជាកូនរបស់កម្ពុជា ហើយអាស្រ័យនៅទឹកដីកូរ៉េ កសាងមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា»។

ជាចុងក្រោយ ស្រួង ភាវី បានបញ្ជា្កក់បន្ថែមថា៖« កូនស្រីកម្ពុជាម្នាក់នេះ ពិតជារំភើបក្រៃលែង ដែលមានភព្វសំណាងទទួលបាននូវកិត្តិយសដ៏ថ្លៃថ្លាមួយនេះ ហើយបានចូលរួមទទួលនូវពានរង្វាន់ដ៏មហាកិត្តិយសនេះ ជាមួយបុគ្គលគំរូ អស្ចារ្យ ល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នក កសាងជាតិ ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកអភិបាលឃុំគ្រងប្រទេសជាតិ និងប្រជាជន ហើយជាអ្នកលើកមុខមាត់ប្រទេសជាតិ កិត្យានុភាពជាតិ ឱ្យពិភពលោកបានស្គាល់ថែមទៀតផង។ នាងខ្ញុំសូមគោរពអរគុណដល់រដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ទុកនៅក្នុងទីនេះ ដោយសេចក្ដីគោរព»៕

អត្ថបទទាក់ទង