Close

រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រឡាយទឹកពីតូចទៅធំ និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រឡាយទឹកពីតូចទៅធំ និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រឡាយទឹកពីតូចទៅធំ និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។

ឯកឧត្តម បានលើកឡើងដូច្នេះ នាឱកាសដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម  ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ៖ រាជធានីភ្នំពេញ រៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទៀមទារឱ្យយើងរួមគ្នា ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបញ្ជៀសឱ្យបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។

ឯកឧត្ដម  ឃួង ស្រេង បន្តថា៖ ការប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែងពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺកុំចូលមករាជធានីភ្នំពេញ។

ឯកឧត្ដម  ឃួង ស្រេង បានបន្ថែមទៀតថា តាមគោលការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី ឱ្យបានល្អ ដោយធ្វើយ៉ាងណាកុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរធនធានទឹក  និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីយើងបន្តអនុវត្តលើការងារនេះបន្តទៀត ។

ឯកឧត្ដម  ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីការគិតគូរចំពោះប្រព័ន្ធលូ ប្រឡាយ ដែលត្រូវកែលម្អឡើងវិញ ពិសេសគឺការពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំ ការតំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀតផងដែរ។ ឯកឧត្តមបន្តថា ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានភាពស៊ីវីល័យ  រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងផងដែរថា៖ ការស្ថាបនាប្រព័ន្ធលូនៅរាជធានីភ្នំពេញ គិតមកដល់ឆ្នាំ២០២៣នេះ យើងស្ថាបនាបានបណ្តាញលូប្រវែងជាង៩២៤គីឡូម៉ែត្រហើយ យើងនឹងបន្តស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀត។ បញ្ហាសំខាន់គឺយើងរក្សាអោយបាននៅអាងស្តុបទឹក ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕

អត្ថបទទាក់ទង