Close

កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥ ផ្ដោតលើការ​កសាងសន្តិសុខស្បៀង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥ ផ្ដោតលើការ​កសាងសន្តិសុខស្បៀង កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥ ផ្ដោតលើការ​កសាងសន្តិសុខស្បៀង

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នាកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងឯកភាពលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌ​គោលនយោបាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដែលមានក្រុមការងារតាមវិស័យ អនុវិស័យ និងក្រុមការងារបច្ចេកទេសជាច្រើន។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យលើកិច្ចសហប្រតិបត្តិការតាមវិស័យពាក់ព័ន្ធជាមួយដៃគូសន្ទនា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

បន្ថែមពីនេះ អង្គប្រជុំបានឯកភាព និងអនុម័តលើឯកសារយុទ្ធសាស្រ្ត គោលការណ៍ណែនាំ និងឯកសារ​បច្ចេកទេសមួយចំនួន ព្រមទាំងបានចេញសេចក្តីថ្លែងការរួមចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើ​អាស៊ាន លើកទី៤៥ផងដែរ។

ដែលសេចក្ដីថ្លែងការនេះ ជាការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដោយទទួលស្គាល់សារៈសំខាន់នៃកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងការគ្រប់គ្រង ព្រៃឈើប្រកបដោយចីរភាព ការបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហការយ៉ាងជិត​ស្និទ្ធដើម្បីដោះ ស្រាយបញ្ហាប្រឈមនិងការចាប់យកឱកាសនៅក្នុងតំបន់។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍រួមនេះបានផ្តោតជាសំខាន់ទៅលើចំណុចមួយចំនួនរួមមាន៖
ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០២២-២០២៣ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យស្បៀង កសិកម្ម និងព្រៃឈើ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ក្នុងនោះក៏មានផងដែរនូវការគិតគូលើសុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងនិងគុណភាពផលិតផល
ការរៀបចំសម្រាប់ចក្ខុវិស័យក្រោយឆ្នាំ២០២៥ និងផែនការយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការ​លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ការរួមគ្នាឆ្ពោះទៅមុខជាមួយដៃគូសន្ទនា និងអង្គការអន្តរ​ជាតិនានា។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សា​អំពីវឌ្ឍនភាព និងឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិសុខស្បៀង ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួល​បានទីផ្សារ ផលិតភាពកសិកម្ម និងភាពធន់តាមរយៈការសហការក្នុងតំបន់ប្រកបដោយ​និរន្តរភាពជា​មួយដៃគូនានា ដែលរួមបញ្ចូលទាំងយន្តការសាធារណៈ និងឯកជនផងដែរ៕

អត្ថបទទាក់ទង