កោះតៃវ៉ាន់ បើកការស៊ើបអង្កេតករណីបែកធ្លាយព័ត៌មានលំអិតនៃកម្មវិធីនាវាមុជទឹកថ្មីរបស់ខ្លួន
បរទេស ៖ ក្រុមព្រះរាជអាជ្ញានៃកោះតៃវ៉ាន់កាលពីថ្ងៃចន្ទបានបើកការស៊ើបអង្កេតមួយក្រោមការចោទប្រកាន់ថាព័ត៌មានសំងាត់នៃកម្មវិធីផលិតនាវាមុជទឹកក្នុងស្រុករបស់ខ្លួនត្រូវបានបែកធ្លាយ ហើយវានឹងអាចបង្កជាផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់វិស័យសន្តិសុខជាតិ។
កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកកោះតៃវ៉ាន់បានដាក់តាំងបង្ហាញនូវនាវាមុជទឹកថ្មីបំផុតរបស់ខ្លួនដែលផលិតក្នុងស្រុកគឺជាជំហានយ៉ាងមុតម៉ាំក្នុងការពង្រឹងវិស័យការពារជាតិ ជាពិសេសប្រឆាំងទៅនឹងការរំខានដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាវាមុជទឹកថ្មីនេះនឹងមិនអាចដាក់ឲ្យប្រតិបត្តិការជាមួយនឹងកងទ័ពជើងទឹកបាននោះទេក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។
លោក Huang Shu-kuang ដែលកំពុងដឹកនាំកម្មវិធី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុនថា សមាជិកសភាដែលលោកមិនបញ្ចេញឈ្មោះ បានបង្កការលំបាកដល់កម្មវិធីផលិតក្នុងការទិញឧបករណ៍សំខាន់ៗមួយចំនួន ហើយវាបានធ្វើឲ្យក្រុមហ៊ុនអ្នកម៉ៅការមួយដែលមិនទទួលបានជោគជ័យក្នុងការដេញថ្លៃបែរជាលួចបញ្ជូនព័ត៌មានដែលខ្លួនមានទៅឲ្យប្រទេសចិនទៅវិញ។
ក្រោយមកការិយាល័យរដ្ឋអាជ្ញាកំពូលរបស់កោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបាននិយាយថា ការចោទប្រកាន់របស់លោក Huang បានធ្វើឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល ពីព្រោះថាអាចនឹងផ្តល់ផលប៉ះពាល់ដល់វីស័យសន្តិសុខ និងការពារជាតិ។
អង្គភាពដដែលក៏បានប្រកាសដែរថាបានណែនាំព្រះរាជអាជ្ញាឱ្យ ចាប់ផ្តើមស៊ើបអង្កេតករណីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីការពារសន្តិសុខជាតិ។
គួរឲ្យដឹងដែរថា កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួននោះ បានសម្រេចកម្មវិធីនាវាមុជទឹកដែលផលិតក្នុងស្រុកបានយ៉ាងជោគជ័យនិងត្រូវបានគេមើលឃើញថាគឺជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែបន្តធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីដាក់សំពាធមកលើកូនកោះមួយនេះ៕