Close

សហគ្រាសមួយធ្វើការលើការស្ដារទឹក រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ សង្គម
សហគ្រាសមួយធ្វើការលើការស្ដារទឹក រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន សហគ្រាសមួយធ្វើការលើការស្ដារទឹក រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន

ស្របពេលដែលប្រជាជនមានការកើនឡើង បណ្ដាញហេដ្ឋារចនាសម្ព័ន្ធនានាក៏កើនឡើង ទន្ទឹមនឹងនោះ​សកម្មភាពអភិវឌ្ឍន៍ជាច្រើនក៏បានកើតមានឡើង ជាពិសេសនៅក្នុងទីក្រុងតែម្ដង។ សកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់ទឹកនៅក្នុងក្រុង ដែលនាំឱ្យវាមានសភាពកខ្វក់ និងមិនអាចប្រើប្រាស់បាន។

ជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុដូចបច្ចុប្បន្ននេះ ទឹកក៏បាន និងកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ប្រជាជាតិផងដែរ។ ដូច្នេះហើយ ប្រសិនបើគេអាចចម្រោះទឹកកខ្វក់ទាំងនោះមកប្រើ​ប្រាស់បានវាជារឿងល្អមួយ។

កញ្ញា វន ថាវី ដែលជាស្ថាបនិក និងនាយិកាប្រតិបត្តិសហគ្រាសសង្គម SUDrain ដែលធ្វើការលើរឿង​នេះ បានឱ្យដឹងថា គោលបំណងរបស់កញ្ញាគឺជួយពន្យារវត្តជីវិតនៃទឹក ធ្វើឱ្យប្រសើរឡើងនៃជីវភាព​រស់នៅរបស់ប្រជាជនក្នុងសហគមន៍ ក៏ដូចជាជួយរកដំណោះស្រាយដល់បរិស្ថា​នជាដើម។
មិនត្រឹមតែប៉ុណ្ណោះ វាក៏បានរួមចំណែកនៅក្នុងសេដ្ឋកិច្ចវិលជុំនៅក្នុងប្រទេសផងដែរ។

ជានិស្សិតបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកកសិឧស្សាហកម្ម​ និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកទេស កម្ពុជា (តិចណូ) កញ្ញាបានទទួលឱកាសផ្លាស់ប្ដូរបទ ​ទៅសិក្សាផ្នែកវិស្វកម្មបរិស្ថាននៅប្រទេស​ហូឡង់។

ក្រោយបញ្ចប់ការសិក្សា កញ្ញាក៏ចាប់ផ្ដើមចង់បង្កើតជាគម្រោងមួយដើម្បីស្ដារទឹកកខ្វក់នៅក្នុងប្រទេសឡើងវិញ។

កញ្ញា វន ថាវី បានរៀបរាប់យ៉ាងដូច្នេះថា៖ « គម្រោងនេះធ្វើយ៉ាងណាដើម្បីសម្អាតទឹកកខ្វក់ ប៉ុន្តែយើង​ធ្វើប្រព្រឹត្តិកម្មបែបធម្មជាតិ អីចឹងយើងប្រើតម្រង់ចម្រោះស្រកីដូង ដែលយើងច្នៃ​សសៃស្រកីដូងទៅជាតម្រង់ចម្រោះនៅក្នុង​ប្រព្រឹត្តិកម្មទឹកកខ្វក់។ បានន័យថា យើងកែច្នៃវត្ថុធាតុ​ដើមដែលអត់មានប្រយោជន៍ ទៅជាប្រើប្រាស់ឱ្យមានប្រយោជន៍នៅក្នុងប្រពន្ធប្រព្រឹត្តិកម្មវិញ»។

ដោយឡែក បច្ចុប្បន្ននេះ កញ្ញាកំពុងធ្វើការងារយ៉ាងសកម្មជាមួយដៃគូ ក៏ដូចជាអតិថិជនគោលដៅ ដែលជាសហគមន៍ រីសត ផ្ទះស្នាក់ អ្នកធ្វើអាជីវកម្មក្នុងសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការសន្សំសំចៃទឹក ឬដែលស្ថិតនៅក្នុងតំបន់ដែលមិនទាន់មានប្រព័ន្ធលូទឹកគ្រប់គ្រាន់។

លើសពីនេះទៅទៀត កញ្ញាក៏មានការសហការជាគម្រោងជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការដែលគាំទ្រដោយរដ្ឋាភិបាលផងដែរ។

ក្នុងដំណើរការស្ដារទឹកវិញ កញ្ញាបានឱ្យដឹងដែរថា ខ្លួនមានក្រុមការងារដែលចុះទៅពិនិត្យទីតាំងទឹកផ្ទាល់ ដើម្បីវាស់គុណភាពទឹក។ ក្រោយមក នឹងមានការគូសប្លង់សម្រាប់ដាក់ធុងទឹកចម្រោះចូលទៅ ក្នុងទឹកកខ្វក់នោះ ដើម្បីបានជាទឹកស្អាតសម្រាប់ប្រើប្រាស់វិញ។

សម្រាប់រយៈពេល៣ឆ្នាំខាងមុខ កញ្ញាមានបំណងចង់ពង្រីកដំណោះស្រាយរបស់ស្ដារទឹកកខ្វក់​ទៅកាន់ ២៥ខេត្តក្រុងតែម្ដង ពោលគឺគ្រប់ទីតាងដែលប្រឈមជាមួយបញ្ហាទឹកកខ្វក់ ជាពិសេស​តំបន់ដាច់ស្រយាល៕

អត្ថបទទាក់ទង