Close

បញ្ជាក់ជាថ្មី ! ទេសចរអន្តរជាតិរយៈពេល ៨ខែ ដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
បញ្ជាក់ជាថ្មី ! ទេសចរអន្តរជាតិរយៈពេល ៨ខែ ដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ បញ្ជាក់ជាថ្មី ! ទេសចរអន្តរជាតិរយៈពេល ៨ខែ ដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២

ភ្នំពេញ : ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់រយៈពេល៨ខែ ដើមឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ។

និយាយជារួម ពោលគឺកម្ពុជាទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ​សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ ហើយតាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។

ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ ដូចនេះ ជាការកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស ដែលមានកិច្ចសហការផ្តល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង