MARCUS HABER បន្តស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៅ CPL គិតត្រឹមសប្ដាហ៍ទី៧
(បាល់ទាត់)៖ ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា កីឡាករ MARCUS WARREN HABER របស់ក្លិបព្រះខ័នរាជស្វាយរៀង ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី៧ដោយស៊ុតបាន ១១គ្រាប់។
កាលពីថ្ងៃសៅរ៍ MARCUS HABER បានស៊ុតបញ្ចូលទី៣គ្រាប់តែម្នាក់ឯង ក្នុងជំនួបដែលក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុមព្រៃវែង ក្នុងលទ្ធផល ៥-៣ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៧។
គួរបញ្ជាក់ថា ១១គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់, អាយអេសអាយដង្កោសែនជ័យ ១គ្រាប់, អង្គរថាយហ្គឺរ ១គ្រាប់, វិសាខា ១គ្រាប់ និងជាមួយ ព្រៃវែង ៣គ្រាប់ បានក្លាយជាកីឡាករតែម្នាក់គត់ ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់៧សប្ដាហ៍ កន្លងមកនេះ។
សូមបញ្ជាក់ថា ប្រកួតលើកក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងបេីកទ្វារកីឡដ្ឋានស្វាយរៀង ទទួលស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យ នៅថ្ងៃទី២១ ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច៕