Close

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣

សៀមរាប៖ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងសិស្ស និស្សិតប្រមាណ ១ពាន់នាក់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការដើរដង្ហែក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ទេសចរណ៍ និងការវិនិយោគបៃតង» តាមបណ្ដាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មទេសចរណ៍ ជាមួយការបញ្ចុះតម្លៃដ៏ពិសេសជូនទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លើកឡើងថា ការអបអរសាទរទិវាទេសចរណ៍ពិភពលោកនៅឆ្នាំនេះ មានគោលបំណង បង្ហាញទៅកាន់ពិភពលោក នូវសក្ដានុពលទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ក៏ដូចជាខេត្តសៀមរាបផងដែរ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន វិស័យទេសចរណ៍នៅកម្ពុជា ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build”រួមមាន ទី១៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិតិ្តនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ឈានមុខ។ ទី២៖ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដើម្បីធ្វើឱ្យទេសចរនៃគោលដៅអាទិភាព និងពិភពលោក ចាប់អារម្មណ៍មកទស្សនាកម្ពុជា។

ទី៣៖ បង្កើតប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ សំដៅកាត់បន្ថយរាល់បញ្ហាដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរ ដោយត្រូវបំពេញតម្រូវការទេសចរ តាមរយៈការលើកកម្ពស់គុណភាព ក្នុងការធ្វើដំណើរដល់គោលដៅឱ្យស្របតាមតាមស្តង់ដារអន្តរជាតិ។

ទី៤៖ បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ ប្រជាជនខ្មែរ និងភាពជាខ្មែរ។ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ សេវាមួយ-ស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផល និងសេវាទេសចរណ៍ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន សំដៅទៅលើការធ្វើពិពិធកម្មផលិតផលទេសចរណ៍ រួមទាំងការអភិវឌ្ឍប៉ូលទេសចរណ៍អាទិភាព និងការបង្កើនច្រករបៀងទេសចរណ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនូវតម្រូវការទីផ្សាររគោលដៅអាទិភាព និងពិភពលោក។
និងទី៥ គឺបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ធនធាន និងគោលដៅទាក់ទាញទេសចរប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដោយបន្តអភិវឌ្ឍ ការធ្វើពិពិធកម្មធនធាន ក្នុងគោលដៅទាក់ទាញទេសចរ ដូចជាការបង្កើត និងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិទ្ធ ស្របតាមគោលនយោបាយស្តីពីទេសចរណ៍ពិសិទ្ធ ការជំរុញភាពទាក់ទាញទេសចរ និងការវិនិយោគ។

ទន្ទឹមនោះ ដើម្បីគាំទ្រ និងជំរុញការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ខាងលើ ប្រកបដោយប្រសិទ្ធភាព និងឈានសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍បានដាក់ចេញនូវការងារគាំទ្រអាទិភាពចំនួន៣បន្ថែមទៀត ដែលហៅថា «អភិវឌ្ឍ៣-3Ds» ទី១៖ ការអភិវឌ្ឍរចនាសម្ព័ន្ធ និងពង្រឹងអភិបាលកិច្ចទេសចរណ៍ ដែលគិតគូរដល់ការរៀបចំក្រុមប្រឹក្សាជាតិទេសចរណ៍ រួមទាំងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ តាមរាជធានី-ខេត្ត ដោយបង្កើនកិច្ចសហការជាមួយដៃគូ រវាងរដ្ឋ-ឯកជន និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនានា។ ទី២. ការអភិវឌ្ឍបដិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានការផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលរូបនីយកម្ម និងបដិវត្តន៍កម្មឌីជីថល។

និងទី៣៖ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌ សម្រាប់បុគ្គលិក និយោជក និយោជក មន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវខ្ពស់ ដោយធានាបាននូវបុគ្គលិកម្នាក់មានជំនាញមួយ។ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ឱ្យស្របតាមស្តង់ដារអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាព មន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍ បន្តនិយាយយ៉ាងដូច្នេះ៖ «សរុបជារួម បង្កើន៥ និង អភិវឌ្ឍ៣ នឹងដើរតួនាទីជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មី ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មកាងារសម្រាប់សម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»៕

អត្ថបទទាក់ទង